កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាឱ្យអាជ្ញាធរក្រុងស្រុកទាំង០៨ នៃខេត្តកំពង់ឆ្នាំង តាមចាប់អ្នកបោះសំរាមចោលពាសវាលពាសកាលតាមទីសាធារណៈដោយមិនព្រមចូលរួមក្នុងការ រក្សាអនាម័យ បរិស្ថាន មកពិន័យឱ្យរៀងចាល។
ការចេញបទបញ្ជាក្តៅនាថ្ងៃនេះ គឺក្រោយពីអាជ្ញាធរក្រុងស្រុកបានណែនាំជាច្រើនលើកច្រើនសារ តែអ្នកទម្លាប់បោះចោលសំរាមតាមទីសាធារណៈទាំងនោះនៅមិនស្តាប់។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្តថា កន្លងមកឯកឧត្តម បានឱ្យអាជ្ញាធរក្រុងស្រុកចេញសេចក្តីផ្សព្វផ្សាយ និងណែនាំជាច្រើនលើក ដល់ពលរដ្ឋមួយចំនួនតូច ដែលមានទម្លាប់អាក្រក់ យកសំរាមពីផ្ទះរបស់ខ្លួន ទៅបោះចោលនៅតាមសួនច្បារ កន្លែងកំសាន្ត តាមផ្លូវសាធារណៈ និងតាមមាត់ទន្លេជាដើម ដោយអោយពួកគាត់បញ្ឈប់ទម្លាប់អាក្រក់នេះ ហើយចូលរួមក្នុងការថែរក្សាអនាម័យ សម្អាតបរិស្ថានជាមួយអាជ្ញាធរ។
ក៏ប៉ុន្តែទោះជាមានការផ្សព្វផ្សាយ និងណែនាំច្រើនដងយ៉ាងណាក្តី ក៏ពលរដ្ឋមួយចំនួនតូចនៅតែប្រព្រឹត្តិទង្វើអាក្រក់នេះដដែល ធ្វើអោយតាមមាត់ទន្លេ តាមផ្លូវសាធារណៈ តាមសួនច្បារ និងកន្លែងកំសាន្តនានា មានសំរាមពាសវាលពាសកាល។ កន្លងមក អាជ្ញាធរក្រុងស្រុក ក៏បានប្រមូលសំអាតសំរាមនៅតាមទីសាធារណៈជាញឹកញាប់ ក៏ប៉ុន្តែសំរាមនៅតែមានមិនចេះអស់ ដោយសារពួកគាត់មិនចូលរួម។
ឯកឧត្តម បន្តថា ក្នុងនាមគណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម បានឱ្យអភិបាលរងខេត្តម្នាក់ បញ្ជាទិញកាមេរ៉ាសុវត្ថិភាព បំពាក់តាមទីតាំងមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង ដើម្បីចាប់រូបភាពអ្នកយកសំរាមមកបោះចោល ហើយអនុវត្តវិធានការផាកពិន័យឱ្យធ្ងន់ម្តង ទើបរៀងចាល៕





