សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសទាំង២ បានចេញផ្សាយសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) នេះ ដែលក្នុងនោះរួមមានទាំងការវិនិយោគរបស់កូរ៉េចំនួន ១៥០ពាន់លានដុល្លារ នៅក្នុងវិស័យសាងសង់នាវារបស់អាមេរិក និង ២០០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់វិស័យឧស្សាហកម្ម។
សេចក្តីប្រកាសរួមនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកាលពីខែតុលា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីអាមេរិក លោក Donald Trump ជាពេលដែលពួកលោកបានយល់ព្រមលើកិច្ចព្រមព្រៀងដែលនឹងកាត់បន្ថយពន្ធនាំចូលរបស់អាមេរិក លើផលិតផលរបស់កូរ៉េខាងត្បូងពីអត្រា ២៥ភាគរយ ទៅ ១៥ភាគរយ។

លោក Lee បាននិយាយនៅថ្ងៃសុក្រនេះថា៖ «នៅទីបំផុត ការចរចាអាជីវកម្ម ពាណិជ្ជកម្ម និងសន្តិសុខកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដែលស្ថិតក្នុងចំណោមដំណើរការប្រែប្រួលបំផុតដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខរបស់យើង ត្រូវបានបញ្ចប់សព្វគ្រប់ហើយ»។
មេដឹកនាំកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា៖ «ការប្រកួតប្រជែងដ៏ល្អ ទាមទារឲ្យមានដៃគូល្អ ហើយខ្ញុំជឿថា ការសម្រេចចិត្តដ៏សមហេតុផលរបស់លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏មានអត្ថន័យនេះ»។
នៅក្រោមកិច្ចព្រមព្រៀងនេះ លោក Lee បានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបង្កើតភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិកលើការសាងសង់នាវា បញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មនុយក្លេអ៊ែរ៕
