រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវប្រឈមនឹងផលប៉ះពាល់ដ៏ធំមួយ នៅមុនការចេញសេចក្តីថ្លែងការណ៍ថវិការបស់ខ្លួន នាចុងខែនេះ បន្ទាប់ពីស្ថិតិតួលេខថ្មីបានបង្ហាញថា ភាពអត់ការងារធ្វើ គឺស្ថិតក្នុងអត្រាខ្ពស់បំផុតរយៈពេល ១ទសវត្សរ៍ ទាំងដែលមិនស្ថិតក្នុងដំណាក់កាលនៃជំងឺរាតត្បាត ដោយកំណើនប្រាក់ឈ្នួលមានការថយចុះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស លោកស្រី Rachel Reeves ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងត្រូវបានបង្ខំឲ្យប្រកាសការដំឡើងពន្ធបន្ថែមទៀត នៅពេលដែលលោកស្រីបង្ហាញពីផែនការហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៅក្នុងសុន្ទរកថារបស់លោកស្រី នាថ្ងៃទី២៦ ខែវិច្ឆិកា។ នេះមានន័យថា ការកំណត់ពេលវេលារបស់ការិយាល័យស្ថិតិជាតិដែលបង្ហាញពីការកើនឡើង ៥ភាគរយនៃភាពអត់ការងារធ្វើ ពោលគឺឡើងពីកម្រិត ៤,៨ ភាគរយ ក្នុងត្រីមាសមុន និងលើកម្រិតព្យាករណ៍ ៤,៩ភាគរយ មិនត្រូវបានស្វាគមន៍ជាពិសេស។

អនុប្រធានផ្នែកគោលនយោបាយសាធារណៈ នៅសភាពាណិជ្ជកម្មអង់គ្លេស លោកស្រី Jane Gratton បានប្រាប់សារព័ត៌មាន Financial Times ថា៖ «មានភាពអំណោយផលតិចតួចនៅក្នុងទិន្នន័យនេះ សម្រាប់អាជីវកម្ម ឬរដ្ឋាភិបាល។ និយោជកកំពុងរងសម្ពាធដោយតម្លៃការងារខ្ពស់ ហើយយើងកំពុងចាប់ផ្តើមឃើញពីផលវិបាក»។
ចំណែកលោក Suren Thiru នាយកផ្នែកសេដ្ឋកិច្ច នៅវិទ្យាស្ថាន Chartered Accountants ក្នុងប្រទេសអង់គ្លេស និងវេលស៍ បានប្រាប់សារព័ត៌មាន The Guardian ថា ទីផ្សារការងារនៅចក្រភពអង់គ្លេស ហាក់ដូចជា «ទទួលរងនូវការរំខានមុនការប្រកាសថវិកា»។
តួលេខនេះ បានធ្វើឲ្យការរំពឹងទុកមានកាន់តែខ្ពស់ ដែលថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ឬ MPC នៃធនាគារកណ្តាលអង់គ្លេស ឬ BoE នឹងកាត់បន្ថយអត្រាការប្រាក់នៅខែក្រោយ ជាការប៉ុនប៉ងស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះ៕


