ដោយមានមនុស្សជាងកន្លះលាននាក់ នៅទូទាំងពិភពលោក បាត់បង់ជីវិតដោយសារមូលហេតុទាក់ទងនឹងកម្ដៅជារៀងរាល់ឆ្នាំ ក្រុមសប្បុរសធម៌មួយ កំពុងដាក់ប្រាក់ចំនួន ៣០០លានដុល្លារ ទៅក្នុងការអភិវឌ្ឍដំណោះស្រាយសង្គ្រោះជីវិត ខណៈដែលសីតុណ្ហភាពពិភពលោកនៅតែបន្តឡើង។
ទឹកប្រាក់ដែលត្រូវបានប្រកាសនៅសប្តាហ៍នេះ នៅឯការចរចាអាកាសធាតុ COP30 ក្នុងប្រទេសប្រេស៊ីល គឺមានបំណងបង្កើតទិន្នន័យ និងស្វែងរកការវិនិយោគដ៏ល្អបំផុត ដើម្បីដោះស្រាយការកើនឡើងនូវគ្រោះថ្នាក់ដោយសារកម្ដៅក្ដៅខ្លាំង ការបំពុលខ្យល់ និងជំងឺឆ្លង។

នាយកគោលនយោបាយសុខភាព និងទំនាក់ទំនង នៅឯមូលនិធិ The Rockefeller Foundation ដែលជាអង្គការផ្ដល់មូលនិធិមួយ លោកស្រី Estelle Willie បាននិយាយថា៖ «យើងគឺជាសប្បុរសជនមួយក្រុម។ យើងមិនគ្រាន់តែបន្តដោះស្រាយបញ្ហា និងធ្វើឲ្យគំរូនៃការអភិវឌ្ឍដែលបាត់បង់ឲ្យរស់ឡើងវិញប៉ុណ្ណោះទេ»។
លោកស្រីបានបន្តថា៖ «ដូច្នេះ អ្វីដែលយើងកំពុងព្យាយាមធ្វើ គឺតាមរយៈមូលធនសប្បុរសធម៌របស់យើង យើងអាចចាប់ផ្តើមការសាកល្បង និងធ្វើឲ្យដំណោះស្រាយថ្មីៗមានប្រសិទ្ធភាព តាមរយៈការងារនេះ ហើយធ្វើការជាមួយគ្នា»។
ដោយឡែក ប្រេស៊ីលដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ COP30 បានចាប់ផ្តើមគំនិតផ្តួចផ្តើម ឈ្មោះផែនការសកម្មភាពសា្ថនភាពសុខភាព Belem (Belem Health Action Plan) ដើម្បីជំរុញឲ្យប្រទេសនានាតាមដាន និងសម្របសម្រួលគោលនយោបាយសុខភាព ទាក់ទងនឹងអាកាសធាតុ នៅទូទាំងក្រសួង និងនាយកដ្ឋានរបស់ពួកគេ។
កិច្ចប្រឹងប្រែងនោះ គឺជាផ្នែកមួយនៃការផ្តោតអារម្មណ៍កាន់តែទូលំទូលាយរបស់ប្រេស៊ីល នៅឯកិច្ចពិភាក្សា ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ជុំវិញការពង្រឹងសមត្ថភាពរបស់ប្រទេសនានា ក្នុងការរៀបចំត្រៀម និងសម្របខ្លួនទៅនឹងផលប៉ះពាល់ដោយសារអាកាសធាតុកាន់តែអាក្រក់ទៅៗ រួមមានទឹកជំនន់ អគ្គិភ័យ គ្រោះរាំងស្ងួត ព្យុះ និងព្យុះសង្ឃរា៕
