នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ឡើងវិញថា ជំហរប្រទេសរបស់លោកលើកោះតៃវ៉ាន់ នៅតែមិនផ្លាស់ប្តូរ ស្របពេលមានជម្លោះការទូតជាមួយទីក្រុងប៉េកាំង ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសចិន បានទាមទារឲ្យនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi កែសម្រួលឡើងវិញនូវអ្វីដែលខ្លួនចាត់ទុកថាជាសេចក្តីអត្ថាធិប្បាយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ដ៏គួរឲ្យស្អប់ខ្ពើម ហើយពួកគេបានព្រមានថា ជប៉ុននឹងមានផលវិបាក ។
លោកស្រី Takaichi បង្កឲ្យមានជម្លោះផ្នែកការទូតជាមួយទីក្រុងប៉េកាំង ក្រោយសេចក្តីអត្ថាធិប្បាយរបស់លោកស្រីនៅក្នុងសភាកាលពីសប្តាហ៍មុនថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចនឹងធ្វើឲ្យមានស្ថានភាពគំរាមកំហែងដល់ការរស់រាន និងបង្កឲ្យមានការឆ្លើយតបយោធាដែលអាចកើតមានពីទីក្រុងតូក្យូ ។

រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Minoru Kihara និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា រដ្ឋាភិបាលជប៉ុនបានរក្សាជាប់លាប់នូវជំហររបស់ខ្លួនថា បញ្ហាគួរតែដោះស្រាយតាមរយៈការសន្ទនាដោយសន្តិវិធី ។
ខណៈពេលនោះដែរ អនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងប្រទេសចិន ។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាកោះផ្តាច់ខ្លួនរបស់ខ្លួន ហើយពួកគេពុំច្រានចោលនោះឡើយ ក្នុងការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងកោះមួយនេះ ។ អាជ្ញាធរកោះតៃវ៉ាន់ បដិសេធន៍ចោលអំណះអំណាងរបស់ទីក្រុងប៉េកាំង ហើយពួកគេនិយាយថា មានតែពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ដែលអាចសម្រេចចិត្តលើអនាគតកោះមួយនេះបាន ៕
