អាជ្ញាធរបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ១៥០នាក់ ដែលត្រូវបាននគរបាលព្រំដែនអាហ្វ្រិកខាងត្បូងឲ្យនៅលើយន្តហោះរយៈពេល ១២ ម៉ោង ត្រូវបានអនុញ្ញាតឲ្យចុះពីយន្តហោះនោះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
យោងតាមនគរបាលព្រំដែន យន្តហោះដែលដឹកជនជាតិប៉ាឡេស្ទីនចំនួន ១៥៣ នាក់ បានចុះចតភ្លាមៗបន្ទាប់ពីម៉ោង ៨ ព្រឹក (ម៉ោង ៦:00 ម៉ោងសកល) កាលពីថ្ងៃព្រហស្បតិ៍ នៅអាកាសយានដ្ឋានអន្តរជាតិ O.R. Tambo។

នគរបាលបាននិយាយថា អ្នកដំណើរមិនត្រូវបានអនុញ្ញាតឲ្យចុះពីយន្តហោះទេ ព្រោះពួកគេ «មិនមានត្រាចេញដំណើរតាមទម្លាប់ នៅក្នុងលិខិតឆ្លងដែនរបស់ពួកគេ» ដោយបន្ថែមថា គ្មាននរណាម្នាក់ «បានបង្ហាញពីចេតនាដាក់ពាក្យសុំសិទ្ធិជ្រកកោន» ឡើយ។
ទីបំផុត ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យអ្នកដំណើរទាំងនោះចុះពីលើយន្តហោះ បន្ទាប់ពីអង្គការមិនមែន រដ្ឋាភិបាល Gift of the Givers ធានាថា នឹងផ្តល់កន្លែងស្នាក់នៅដល់ពួកគេ។
យោងតាមនគរបាលព្រំដែន អ្នកដំណើរចំនួន ១៣០នាក់ បានចូលប្រទេស និង ២៣នាក់ កំពុងរង់ចាំទំនាក់ទំនងទៅកាន់គោលដៅផ្សេងទៀត ដែលពួកគេជ្រើសរើស។
ពួកគេបាននិយាយថា យន្តហោះនេះ គឺជាជើងហោះហើរឯកជនដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍អាហ្វ្រិកខាងត្បូង Global Airways ដែលធ្វើដំណើរពីប្រទេសកេនយ៉ា៕
