សៀមរាប៖ ធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះ ផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។
ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីថ្ងៃរសៀលទី១៤ខែកុម្ភៈម្សិលមិញនេះ ។
លោក ញក់ គឹមស្រូយ នាយករងប្រតិបត្តិជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង បានមានប្រសាសន៍ថា ការប្រគល់ដីនេះ ជាលើកទី២ហើយ ថវិកាឧបត្ថម្ភប្រតិបត្តិការឆ្នាំ២០២១ មានការចូលរួមពីអតិថិជននិងក្រុមការរបស់ធនាគារ សប្បុរសជនទាំងអស់បានធ្វើឲ្យមូលនិធិសរុបកើនឡើងដល់មួយម៉ឺនដុល្លារ បានជួយឧបត្ថម្ភថវិកាជួយដល់អង្គការអាប៉ូប៉ូ ដើម្បីសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះលើដីចំការប្រជាពលរដ្ឋនៅតំបន់នោះ។
លោក បាបន្ដថា ក្នុងនាមជាសប្បុរសជនពិជាមានសេចក្ដីសោមនស្សដែលបានឃើញ ការបរិច្ចាគរបស់យើងដល់អង្គការដែលមានតម្លាភាពបំផុតក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។
លោក បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ធនាគារភីភីស៊ីប៊ែង នឹងព្យាយាមរិះរកមធ្យោបាយផ្សេងៗដើម្បីរួមចំណែកឧបត្ថម្ភដល់ APOPO ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងខេត្ដសៀមរាបបន្ដទៀត។
អ្នកភូមិខ្នារផ្ទោលចំនួនពីរនាក់ក្នុងចំណោម១៦គ្រួសារ ដែលទទួលបានដីធ្លីដោយផ្ទាល់ បានសម្តែងការធូរសប្បាយចិត្ដក្នុងទទួលបានដីដែលបានសម្អាតគ្រប់មីនត្រូវបានបញ្ចប់ដោយសុវត្ថិភាព។ គាត់បានលើកឡើងថា កន្លងមកការរស់នៅក៏ដូចប្រកបរបរចិញ្ចឹមជីវិត ជួបភ័យខ្លាចដោយសារមានគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបង្កប់នៅក្នុងដី ប៉ុន្ដែនាពេលនេះពួកគាត់បានធូរស្រាលក្នុងចិត្តណាស់ ហើយអាចរស់នៅក្នុងប្រកបជីវិតធម្មតានិងមានសុវត្ថិភាពគ្រប់គ្នាជារៀងរាល់ថ្ងៃ។
ពួកគេបាន ថ្លែងអំណរគុណដល់ធនាគារ PPCBank និងអង្គការAPOPOដែលបានសហការគ្នាដើម្បីធ្វើឱ្យជីវិតពួកគេកាន់តែមានសុវត្ថិភាព និងធានាដល់អនាគតរបស់យើងផងដែរ៕





