សម័យប្រជុំពិសេសមួយ ស្តីពីស្ថានការណ៍ ក្នុងទីក្រុង al-Fashir របស់ប្រទេសស៊ូដង់ បានចាប់ផ្ដើមបើកដំណើរការហើយ នៅថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) នេះ នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្ទាប់ពីមានក្ដីបារម្ភយ៉ាងខ្លាំង អំពីការសម្លាប់រង្គាល អំឡុងការដួលរលំនៃទីក្រុងនេះ ទៅក្នុងដៃរបស់កងកម្លាំងប្រដាប់អាវុធយោធាប៉ារ៉ា។
រដ្ឋនានា នឹងពិចារណាលើសេចក្តីព្រាងសេចក្ដីសម្រេចដែលស្នើសុំបេសកកម្មស្វែងរកការពិតរបស់ UN ឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ លើការរំលោភនាពេលថ្មីៗនេះ ដែលត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តដោយកងកម្លាំងគាំទ្ររហ័ស (RSF) និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅក្នុងទីក្រុង al-Fashir ក៏ដូចជាការកំណត់អត្តសញ្ញាណជនល្មើសផងដែរ។
នៅក្នុងសុន្ទរកថាបើកទៅកាន់គណៈប្រតិភូ ប្រធានសិទ្ធិមនុស្ស UN បានជំរុញសហគមន៍អន្តរជាតិឲ្យចាត់វិធានការ។

ស្នងការជាន់ខ្ពស់នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) លោក Volker Turk បាននិយាយថា៖ «មានការបង្ហាញក្ដីបារម្ភច្រើនពេកណាស់ តែមានវិធានការជាក់ស្ដែងតិចតួចណាស់។ វាត្រូវតែមានការក្រោកឈរឡើង ប្រឆាំងនឹងអំពើឃោរឃៅទាំងនេះ ពោលគឺជាការបង្ហាញនូវភាពឃោរឃៅដោយឥតអៀនខ្មាស ដែលត្រូវបានប្រើប្រាស់ ដើម្បីបង្ក្រាប និងគ្រប់គ្រងប្រជាជនទាំងមូល»។
គួរបញ្ជាក់ថា ការដួលរលំនៃទីក្រុង al-Fashir កាលពីថ្ងៃទី២៦ ខែតុលា ទៅក្នុងដៃរបស់ក្រុម RSF បានជួយពង្រឹងការគ្រប់គ្រងរបស់ក្រុមនេះ នៅតំបន់ Darfur ក្នុងសង្គ្រាមស៊ីវិលជាង ២ឆ្នាំកន្លះ ជាមួយកងទ័ពរបស់ប្រទេសស៊ូដង់៕
