មនុស្សរាប់សិបនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រួមទាំងជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ក្រោយលេចធ្លាយសារធាតុអាម៉ូញាក់ បង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សកាលពីយប់ថ្ងៃពុធ នៅទីក្រុង Weatherford រដ្ឋ Oklahoma សហរដ្ឋអាមេរិក ។
យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ KOCO បានឲ្យដឹងថា មនុស្ស ៣៦នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយមនុស្ស ១១នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
មនុស្សប្រហែល ៥០០នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញទៅកាន់មជ្ឈមណ្ឌលព្រឹត្តការណ៍ Pioneer ស្ថិតនៅសាកលវិទ្យាល័យរដ្ឋ Southwestern Oklahoma ។

ក្រុមអាជ្ញាធរ និយាយថា ឧបទ្ទេវហេតុនេះ បានចាប់ផ្តើមកើតឡើងនៅវេលាម៉ោង ១០យប់ ម៉ោងក្នុងស្រុក ពេលដែលសារធាតុអាម៉ូញាក់លេចធ្លាយពីរថយន្តសឺទែនដែលបានចតនៅពីក្រោយអគារ Holiday Inn Express ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Facebook នាយកដ្ឋាននគរបាលក្រុង Weatherford បានបញ្ជាក់ថា រថយន្តសឺទែននេះ គឺជាប្រភពនៃការលេចធ្លាយសារធាតុអាម៉ូញាក់ ។
ការបញ្ជាឲ្យរកទីសុវត្ថិភាពដែលបានចេញកាលពីយប់កន្លងទៅ ត្រូវបានដកចេញវិញហើយកាលពីវេលាម៉ោង ៨ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ ។
ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ត្រូវបានរាយការណ៍នោះទេ ប៉ុន្តែជនរងគ្រោះជាច្រើននាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ បើទោះបីជាភាគច្រើននៃពួកគេរួចផុតពីគ្រោះថ្នាក់ដ៏អាយុជីវិតក៏ដោយ ៕
