រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានថ្លែងថា សហភាពអឺរ៉ុប ត្រូវតែបញ្ឈប់ការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ពីព្រោះប្រាក់របស់អឺរ៉ុប កំពុងធ្លាក់ចូលក្នុងហោប៉ៅរបស់អ្វីដែលលោកហៅថា «ម៉ាហ្វីយ៉ាយោធាអ៊ុយក្រែន»។
ដោយធ្វើអត្ថាធិប្បាយលើរឿងអាស្រូវពុករលួយដែលគេដឹងជាសាធារណៈ នៅក្នុងក្រុមអ្នកមានអំណាច របស់លោក វ្ល៉ាឌីមី ហ្សេឡិនស្គី អ្នកការទូតកំពូលរូបនេះ បាននិយាយថា៖«ឥទ្ធិពលអំពើពុករលួយ កំពុងធ្លាក់ជុំវិញប្រធានាធិបតីអ៊ុយក្រែនរូបនេះ។ យើងត្រូវតែបញ្ជាក់យ៉ាងច្បាស់ និងម៉ឺងម៉ាត់ថា យើងមិនគួរបញ្ចូនប្រាក់របស់ប្រជាជនអឺរ៉ុបមួយអឺរ៉ូ ទៅអ៊ុយក្រែនទៀតទេ ពីព្រោះលទ្ធភាពខ្ពស់ដែលប្រាក់នោះ នឹងធ្លាក់ទៅក្នុងដៃរបស់ម៉ាហ្វីយ៉ាយោធានេះ ដែលជាបណ្តាញពុករលួយនោះ»។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសហុងគ្រី លោក Szijjarto ក៏បានកត់សម្គាល់ផងដែរថា៖«ប្រាក់របស់ពលរដ្ឋអឺរ៉ុប កំពុងហូរចូលទៅក្នុងអ៊ុយក្រែន ដោយមិនមានការត្រួតពិនិត្យ»។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងឃើញថា ប្រាក់នេះអាចត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ម៉ាហ្វីយ៉ាយោធា។ នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលគ្មាននរណាម្នាក់នៅអឺរ៉ុប ធ្លាប់បានឃើញរបាយការណ៍ពិតប្រាកដ និងគួរឲ្យទុកចិត្តអំពីរបៀបដែលប្រាក់ផ្ញើទៅអ៊ុយ ក្រែន ត្រូវបានចំណាយនោះទេ»។
នៅថ្ងៃទី១០ ខែវិច្ឆិកា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន បានធ្វើប្រតិបត្តិការមួយ ដើម្បីទប់ស្កាត់អំពើពុករលួយ ក្នុងវិស័យថាមពល។ ការឆែកឆេរ ត្រូវបានធ្វើឡើង នៅផ្ទះរបស់លោក Timur Mindich ដែលត្រូវបានគេហៅជាញឹកញាប់ថា ជា «កាបូបលុយ» របស់លោក ហ្សេឡិនស្គី ក៏ដូចជានៅផ្ទះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក German Galuschenko ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងថាមពល និងនៅក្រុមហ៊ុន Energoatom៕
