ប្រទេសប៉ូឡូញបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ខ្លួននឹងបើកឡើងវិញនូវច្រកព្រំដែនចំនួន ២ ជាមួយបេឡារុស ដែលខ្លួនបានបិទកាលពីខែកញ្ញា ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាដឹកនាំដោយរុស្ស៊ី នៅក្នុងប្រទេសជិតខាងមួយនេះ និងយានដ្រូនរបស់រុស្ស៊ីចំនួន ២១គ្រឿងដែលរំលោភចូលដែនអាកាសប៉ូឡូញ។
ទីក្រុងវ៉ាសូវីបានឲ្យដឹងកាលពីថ្ងៃទី៣០ ខែតុលាថា ខ្លួនអាចពន្យារពេលការបើកច្រកឆ្លងកាត់ឡើងវិញជាមួយបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី រហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រទេសសមាជិកអង្គការណាតូ (NATO) គឺលីទុយអានី ចំពេលមានក្ដីបារម្ភ អំពីសន្តិសុខកាន់តែខ្លាំងឡើងៗ។

ប្រទេសលីទុយអានីបានបិទព្រំដែនដីគោករបស់ខ្លួនជាមួយបេឡារុស កាលពីចុងខែតុលា ជុំវិញការរំខានដល់ផ្លូវអាកាសដោយបាឡុងខុសច្បាប់ ហើយបានប្រាប់ថា ខ្លួននឹងបិទ រហូតដល់ចុងខែវិច្ឆិកា។
នៅក្នុងសេចក្តីព្រាងនៃការសម្រេច កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) ក្រសួងមហាផ្ទៃរបស់ប៉ូឡូញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ច្រកព្រំដែន នៅតំបន់ Bobrowniki នឹងត្រូវបានបើកសម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញដែលបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប បណ្តាប្រទេស EFTA (សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប) និងប្រទេសស្វីស ហើយនៅតំបន់ Kuznica Bialostocka សម្រាប់តែរថយន្តដឹកអ្នកដំណើរប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទំនាក់ទំនងដែលមានភាពរអាក់រអួលរួចហើយ រវាងប៉ូឡូញ និងបេឡារុស បានធ្លាក់ចុះដល់កម្រិតទាបថ្មី ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕
