ប្រមុខក្រសួងមហាផ្ទៃ និងការពារជាតិស៊ីរី បានបើកកិច្ចប្រជុំកម្រិតខ្ពស់មួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងការសម្របសម្រួល ខណៈដែលប្រទេសនេះ បង្កើនយុទ្ធនាការទូទាំងប្រទេសប្រឆាំងនឹងក្រុមរដ្ឋឥ ស្លាម (IS) ចំពេលមានការកើនឡើងនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅភាគខាងកើត។ នេះបើយោងតាមមន្ត្រី និងក្រុមឃ្លាំមើល។
ប្រមុខក្រសួងមហាផ្ទៃ លោក Anas Khattab និងប្រមុខក្រសួងការពារជាតិ លោក Marhaf Abu Qasra បានកោះប្រជុំទូលំទូលាយ មួយនៅទីក្រុងដាម៉ាស ជាមួយមន្ត្រីជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីអ្វីដែលអាជ្ញាធរ បានពិពណ៌នាថា ជា «បញ្ហាប្រឈមសន្តិសុខ និងការពារជាតិបច្ចុប្បន្ន» ដែលប្រទេសនេះកំពុងប្រឈម។

យោងតាមសេចក្តីថ្លែងការណ៍មួយពីអាជ្ញាធរមហាផ្ទៃ កិច្ចពិភាក្សា បានផ្តោតលើការពង្រឹងការត្រួតពិនិត្យនិងគ្រប់គ្រងរួមគ្នា ការបង្រួបបង្រួមរចនាសម្ព័ន្ធបញ្ជាការ និងពន្លឿននីតិវិធីប្រតិបត្តិការ ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាព ចំពោះការគំរាមកំហែងដែលកំពុងកើតឡើង។ មន្ត្រីទាំងពីរ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពរវាងក្រសួងទាំងពីរ នៅតែជា«សសរស្តម្ភមូលដ្ឋាននៃសន្តិសុខ ជាតិ»។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមហាផ្ទៃមួយ បាននិយាយថា កិច្ចប្រជុំនេះ បានបញ្ចប់ជាមួយនឹងអនុសាសន៍មួយចំនួន ដែលនឹងត្រូវបានអនុវត្ត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលមានគោលបំណងជំរុញការត្រៀមខ្លួន និងបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការប្រឈមមុខនឹងហានិភ័យសន្តិសុខ ដែលកំពុងកើនឡើង៕
