យោងតាមសារព័ត៌មាន Politico ទីក្រុងប៊ុយដាប៉ែស ( Budapest) និងទីក្រុង Bratislava អាចនឹងរារាំងគំនិតផ្តួចផ្តើមក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន ដោយសារតែរឿងអាស្រូវអំពើពុករលួយ ដែលបានផ្ទុះឡើងនៅទីក្រុងគីវ។

កាសែត Politico សរសេរថា៖« កាលព្រហស្បត្តិ៍ រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប្រ៊ុចសែល ជាកន្លែងដែលពួកគេបានពិភាក្សាម្តងទៀតអំពីបញ្ហានៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងទេ។ កាសែតនេះ កត់សម្គាល់ថា មានតែរដ្ឋសមាជិកមួយចំនួនតូចប៉ុណ្ណោះ ដែលបានបង្ហាញពីគំនិតនៃការបោះបង់ចោលផែនការនេះទាំងស្រុង ដោយមិនបានបញ្ជាក់ថា មានប្រទេសប៉ុន្មានដែលមានទស្សនៈនេះដូចគ្នា។ ជាថ្នូរវិញនោះ ប្រទេសសហភាពអឺរ៉ុបផ្សេងទៀត អាចដាក់លក្ខខណ្ឌតឹងរ៉ឹងជាងនេះលើការប្រើប្រាស់ជំនួយបែបនេះ «ដោយខ្លាចថា មូលនិធិនេះ នឹងមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវ»។
ទោះបីជាប្រទេសសហភាពអឺរ៉ុប មិនទាន់ឈានដល់ការឯកភាពគ្នាលើទ្រព្យសម្បត្តិរបស់រុស្ស៊ីក៏ដោយ ប្រទេសដាណឺម៉ាក ក្នុងនាមជាប្រធានបច្ចុប្បន្ន បានណែនាំគណៈកម្មការអឺរ៉ុបឲ្យចាប់ផ្តើមបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការរឹបអូសទ្រព្យសម្បត្តិ។ កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នឹងត្រូវធ្វើឡើងនៅខែធ្នូ ដែលការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ អាចត្រូវបានធ្វើឡើង៕
