តម្លៃប្រេងបានហើបប្រហែល ១ភាគរយនៅថ្ងៃសុក្រនេះ បង្កឡើងដោយសារក្តីបារម្ភផ្គត់ផ្គង់ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែនធ្វើឲ្យខូចខាតដឺប៉ូស្តុកប្រេងមួយកន្លែង នៅមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់មួយកន្លែងរបស់រុស្ស៊ី ស្ថិតក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Novorossiysk ។
ខណៈពេលនោះដែរ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo លើទីតាំងប្រេងរបស់រុស្ស៊ីក្នុងរលកវាយប្រហារថ្មីទាំងយប់ជ្រៅ ។
អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះរួមមានការបាញ់ផ្លោងលើស្ថានីយប្រេង Morskoy Neftyanoy ក្នុងតំបន់ Crimea ដែលរុស្ស៊ីកាន់កាប់ និងឃ្លាំងប្រេងមួយនៅក្នុងតំបន់ Zaporizhzhia ដែលរុស្ស៊ីកាន់កាប់ដូចគ្នា ។
ប្រេងឆៅ បានហក់ឡើង ៧៩សេន ឬស្មើនឹង ១,២៥ភាគរយ ដល់ ៦៣,៨០ដុល្លារ ក្នុង ១បារ៉ែល គិតត្រឹមវេលាម៉ោង ៧ និង ០១នាទី ម៉ោងសកល ខណៈប្រេងឆៅអាមេរិក ហក់ឡើង ៨២សេន ឬស្មើនឹង ១,៣៨ភាគរយ ដល់ ៥៩,៥០ដុល្លារ ក្នុង ១បារ៉ែល ។
ដោយឡែក ក្រុមមន្រ្តីរុស្ស៊ី និយាយថា ការវាយប្រហារនៅថ្ងៃសុក្រនេះ បណ្តាលឲ្យខូចខាតនាវាមួយគ្រឿងនៅក្នុងកំពង់ផែ ប្លុកអគារផ្ទះល្វែង និងដឺប៉ូប្រេងនៅទីក្រុង Novorossiysk បណ្តាលឲ្យនាវិក ៣នាក់នៅលើនាវា រងរបួស ។
លោក June Goh គឺជាអ្នកវិភាគទីផ្សារប្រេងជាន់ខ្ពស់មួយរូបនៅក្រុមហ៊ុន Sparta Commodities និយាយថា ការវាយប្រហារយានដ្រូនអ៊ុយក្រែន បង្កឲ្យមានក្តីបារម្ភថ្មីលើការបង្អាក់លំហូរផ្គត់ផ្គង់ប្រេង ស្របពេលដែលកំពង់ផែនេះ គឺជាមជ្ឈមណ្ឌលនាំចេញប្រេងធំបំផុតទី ២ នៅក្នុងប្រទេសរុស្ស៊ី ៕