កណ្ដាល៖ អនុវត្តការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា នៅពេលនេះ បណ្តាសាលារៀនមួយចំនួនខេត្តកណ្តាល ចាប់ផ្តើមបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនតាមបែបថ្មី ដោយតម្រូវអោយសហគមន៍ និងបណ្តាអាណាព្យាបាលមាតាបិតាសិស្សរួមគ្នាស្ម័គ្រចិត្តចូលរួមអភិវឌ្ឍន៍សាលា និងពង្រឹងគុណភាពការអប់រំសិស្ស ស្របពេលបណ្តាសាលាកំពុងជួបប្រឈមការលំបាកដោយសារការរាតត្បាតមេរោគកូវីដ១៩ និងអូមីក្រុង។
បើតាមលោក ទី ដាណា នាយកសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ថា បច្ចុប្បន្នវិទ្យាល័យហ៊ុនសែនតាខ្មៅ សម្រេចទទួលយកគម្រោង GEP (ជីប) គម្រោងកែលំអរការអប់រំនៅចំណេះទូទៅ របស់ក្រសួងអប់រំយុវជន និងកីឡា ទៅធ្វើការគ្រប់គ្រងសាលាតាមរបៀបថ្មី ហើយការអនុវត្តគម្រោងGEPនេះ សាលាបានតម្រូវអោយសហគមន៍ និងបណ្តាអាណាព្យាបាលសិស្សរួមគ្នាស្ម័គ្រចិត្តចូលរួមផងដែរដើម្បីជួយអភិវឌ្ឍន៍សាលា និងពង្រឹងគុណភាពអប់រំសិស្សានុសិស្សអោយមានគុណភាព ខណៈការរៀន និងការបង្រៀននៅតាមសាលារៀនមួយចំនួនបានកំពុងជួបប្រឈមការរំខានខ្លាំងដោយសារការរាតត្បាតកូវីដ១៩ អូមីក្រុង និងការសង្គមជាដើម។
ដើម្បីចូលរួមជួយអភិវឌ្ឍន៍សាលា និងការបណ្តុះបណ្តាលសិស្សានុសិស្សអោយមានសមត្ថភាព និងគុណភាពល្អនេះ បណ្តាតំណាងសហគមន៍ និងអាណាព្យាបាលសិស្ស បានលើកឡើងថា យើងមានសប្បាយចិត្តអនុវត្តតាមគោលការណ៍ណែនាំសាលា ហើយក្នុងនាមអាណាព្យាបាលយើងក៏ត្រូវតាមដានការសិក្សាកូនជាមួយគ្រូអោយបានដិតដល់ ចៀសវាងការទៅរៀនតែមិនចូលសាលា និងការចម្លងមេរោគកូវីដ១៩ ចូលក្នុងសាលារៀនជាដើម។
សូមបញ្ជាក់ថា ដើម្បីជម្រុញការគ្រប់គ្រងអភិវឌ្ឍន៍សាលារៀន និងការរៀន ការបង្រៀនសិស្សានុសិស្សអោយមានគុណភាព ក្រសួងអប់រំយុវជន និងកីឡា បានបង្កើតគម្រោងគ្រប់គ្រងសាលាតាមបែបថ្មីចំនួន២ប្រភេទគម្រោង រួមមាន៖ គម្រោង SIEP(ស្យីប) ឬហៅថា គម្រោងកែលំអរការអប់រំនៅមធ្យមសិក្សា និងគម្រោង ឬហៅ GEP(ជីប) គម្រោងកែលំអរការអប់រំនៅចំណេះទូទៅ ។
បើតាមបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំ ៖ បច្ចុប្បន្ន នៅទូទាំងប្រទេស មានថ្នាក់ដឹកនាំសាលារៀនប្រមាណជាង ១០០កន្លែង គឺបានទទួលអនុវត្តគម្រោងSIEP ឬហៅគម្រោង កែលំអរការអប់រំនៅមធ្យមសិក្សា និងមានថ្នាក់ដឹកនាំសាលារៀនប្រមាណ៣០០កន្លែង កំពុងទទួលយកអនុវត្តគម្រោង GEP ឬហៅ គម្រោងកែលំអរការអប់រំនៅចំណេះទូទៅ ដើម្បីជម្រុញការគ្រប់គ្រងអោយមានការអភិវឌ្ឍ និងការបង្រៀនមានគុណភាព ខណៈបច្ចុប្បន្ននៅទូទាំងខេត្តកណ្តាលមានសាលារៀនប្រមាណ ១៨សាលា អនុវត្តគម្រោង GEP ហើយសាលាចំនួន៩ទៀតអនុវត្តគម្រោង SIEP ៕ អត្ថបទ ស៊ុម សុខជា