រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានអំពាវនាវឲ្យមានវិធានការអន្តរជាតិ ក្នុងការកាត់ផ្តាច់សង្វាក់ផ្គត់ផ្គង់អាវុធដល់កងកម្លាំងគាំទ្ររហ័ស(RSF) ដែលរងការចោទប្រកាន់ថា បានសម្លាប់រង្គាលទ្រង់ទ្រាយធំនៅទីក្រុង el-Fasher ។
នៅដំណាច់ជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសប្រទេស G7 ក្នុងប្រទេសកាណាដា លោក Rubio និយាយថា កងកម្លាំង RSF បានប្រព្រឹត្តអំពើឃោឃៅជាប្រព័ន្ធ រួមទាំងអំពើឃាតកម្ម ការចាប់រំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទលើជនស៊ីវិល ។

កងទ័ពស៊ូដង់ បានចោទប្រកាន់អារ៉ាប់រួមថា បានផ្គត់ផ្គង់អាវុធដល់កងកម្លាំង RSF និងបានបញ្ជូនទាហានស៊ីឈ្នូលកាត់តាមបណ្តាប្រទេសអាហ្វ្រិក ។ អារ៉ាប់រួម និងកងកម្លាំង RSF បានធ្វើការច្រានចោលម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ទាំងអស់នេះ ។
កងកម្លាំង RSF បានធ្វើសង្រ្គាមជាមួយកងទ័ពស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ពេលដែលការដណ្តើមអំណាចគ្នា រវាងមេដឹកនាំរបស់ពួកគេ បានផ្ទុះជាសង្រ្គាមពេញបន្ទុក ។
សំណើបទឈប់បាញ់មនុស្សធម៌គាំទ្រដោយសហរដ្ឋអាមេរិកលើកមុន នៅប្រទេសស៊ូដង់ ត្រូវបានបំពានរួចទៅហើយដោយកងកម្លាំង RSF បើទោះបីជាពួកគេយល់ព្រមកាលពីសប្តាហ៍មុនក៏ដោយ ៕
