នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានបង្ហាញការខឹងសម្បារ ក្រោយសហរដ្ឋអាមេរិកអនុម័តការលក់អាវុធដល់កោះតៃវ៉ាន់ ដោយពួកគេនិយាយថា ខ្លួននឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខរបស់ខ្លួន ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយមន្ទីរបញ្ចកោណ និយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់គ្រឿងយុទ្ធោបករណ៍បរទេស ទៅឲ្យកោះតៃវ៉ាន់ នូវយន្តហោះចម្បាំង គ្រឿងបន្លាស់ និងគ្រឿងជួសជុលយន្តហោះចម្បាំង ក្នុងតម្លៃ ៣៣០លានដុល្លារ ដែលអាចជាលក់លើកដំបូង ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងជាថ្មីនៅក្នុងខែមករាមក ហើយនិងធ្វើឲ្យមានការថ្លែងអំណរគុណពីទីក្រុងតៃប៉ិ និងការខឹងសម្បារពីទីក្រុងប៉េកាំង ។

មន្ទីរបញ្ចកោណ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការទិញ-លក់ដែលបានស្នើឡើងនេះ នឹងពង្រឹងសមត្ថភាពរបស់អ្នកទទួល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ។
ពួកគេបន្តថា ការទិញ-លក់ដែលបានស្នើឡើងនេះ គឺស្របតាមច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាកោះផ្តាច់ខ្លួនរបស់ខ្លួន ហើយពួកគេពុំច្រានចោលនោះឡើយ ក្នុងការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងកោះមួយនេះ ។ អាជ្ញាធរកោះតៃវ៉ាន់ បដិសេធន៍ចោលអំណះអំណាងរបស់ទីក្រុងប៉េកាំង ហើយពួកគេនិយាយថា មានតែពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ដែលអាចសម្រេចចិត្តលើអនាគតកោះមួយនេះបាន ៕
