រដ្ឋមន្ត្រីការពារជាតិ បានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) នេះថា ប្រទេសឥណ្ឌូនេស៊ី បានបង្ហាត់ហ្វឹកហ្វឺនទាហានរហូតដល់ ២០.០០០នាក់ ដើម្បីទទួលភារកិច្ច ទាក់ទងនឹងសុខភាព និងសំណង់ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការរក្សាសន្តិភាពដែលត្រូវបានគ្រោងទុក នៅក្នុងតំបន់ហ្កាហ្សាដែលហែកហួរដោយសង្គ្រាម។
ឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេបំផុតលើពិភពលោក ស្ថិតក្នុងចំណោមប្រទេសដែលសហរដ្ឋអាមេរិកបានពិភាក្សា អំពីផែនការមានកងកម្លាំងរក្សាស្ថិរភាពចម្រុះជាតិសាសន៍ នៅតំបន់ហ្កាហ្សា ដែលរួមមានទាំងអាស៊ែបៃហ្សង់ អេហ្ស៊ីប និងកាតាផងដែរ។

កាលពីសប្តាហ៍មុន សារព័ត៌មាន Reuters បានរាយការណ៍សេចក្តីព្រាងមួយដែលត្រូវបានត្រៀមដោយទីក្រុងវ៉ាស៊ីនតោន សម្រាប់ការមានកងកម្លាំងបែបនេះ ដែលនឹងអនុញ្ញាតឲ្យខ្លួន «ប្រើវិធានការចាំបាច់ទាំងអស់» ដើម្បីធ្វើឲ្យតំបន់ហ្កាហ្សាគ្មានយោធា ធានាព្រំដែនរបស់ដែនដីនេះ ការពារជនស៊ីវិល និងការផ្តល់ជំនួយ និងគាំទ្រកងកម្លាំងនគរបាលប៉ាឡេស្ទីនដែលទើបបណ្តុះបណ្តាលថ្មី។
យ៉ាងណាក្ដី ឥណ្ឌូនេស៊ី ឲ្យដឹងថា មិនទាន់មានការសម្រេចណាមួយនៅឡើយទេ ជុំវិញថា តើពេលណាទាហាន នឹងត្រូវបានដាក់ពង្រាយ និងថា តើអាណត្តិអ្វីដែលពួកគេនឹងមាន ដោយបានគូសបញ្ជាក់ពីភាពមិនច្បាស់លាស់ លើការបង្កើតវត្តមានកងកម្លាំងអន្តរជាតិ នៅក្នុងតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការពារជាតិ លោក Sjafrie Sjamsoeddin បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានរៀបចំកងទ័ពអតិបរមាចំនួន ២០.០០០នាក់ ប៉ុន្តែភារកិច្ចជាក់លាក់ នឹងមានពាក់ព័ន្ធនឹងបញ្ហាសុខភាព និងសំណង់។ យើងកំពុងរង់ចាំការសម្រេចបន្ថែមទៀត ជុំវិញវិធានការសន្តិភាពហ្កាហ្សា»៕

