នាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michal និយាយនៅថ្ងៃសុក្រនេះថា ការការពារតំបន់ចុងបូព៌ា ត្រូវតែជាអាទិភាពដ៏ច្បាស់លាស់សម្រាប់អង្គការណាតូ និងសហភាពអឺរ៉ុប(EU) ដោយលោកបញ្ជាក់ថា ការការពាររបស់អេស្តូនី កំពុងអភិវឌ្ឍក្នុងដំណាក់កាលលឿនបំផុត ។
អំឡុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីលីទុយអានីលោកស្រី Inga Ruginiene លោក Michal និយាយថា ពួកយើងត្រូវតែបន្តធ្វើការធានាថា ការការពារតំបន់ចុងបូព៌ា គឺជាអាទិភាពដ៏ច្បាស់លាស់សម្រាប់អង្គការណាតូ និងសហភាពអឺរ៉ុប ។

លោកបន្តថា ឧស្សាហកម្មការពារជាតិនៅប្រទេសអេស្តូនី កំពុងអភិវឌ្ឍក្នុងល្បឿនលឿនបំផុត ។ ពួកយើងមាននូវឱកាសល្អ សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មការពារជាតិ ។ ពួកយើងកំពុងធ្វើរឿងទាំងអស់នេះ ដើម្បីអនាគតដ៏សុខសាន្តរបស់អឺរ៉ុប ។
គួរឲ្យដឹងថា លោកស្រី Ruginiene បានជួបជាមួយសមភាគីរបស់លោកស្រីនៅទីក្រុង Tallinn សម្រាប់ជំនួបផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្លូវរថភ្លើងតំបន់បាល់ទិក វិស័យថាមពល និងវិស័យការពារជាតិ ក៏ដូចជាសន្តិសុខក្នុងតំបន់ ៕
