ប្រទេសក្រិកកំពុងពិភាក្សាជាមួយអ៊ីស្រាអែល ដើម្បីទិញប្រព័ន្ធមីស៊ីលទំនើប ដែលនឹងត្រូវបានប្រើប្រាស់សម្រាប់គម្រោងប្រព័ន្ធការពារប្រឆាំងយន្តហោះ។ នេះបើតាមមន្ត្រី ២រូបដែលដឹងអំពីផែនការ បាននិយាយប្រាប់សារព័ត៌មាន Reuters។
ទីក្រុងអាតែនបានឲ្យដឹងថា ខ្លួននឹងចំណាយប្រាក់ប្រហែល ២៨ពាន់លានអឺរ៉ូ (៣៣ពាន់លានដុល្លារ) នៅឆ្នាំ២០៣៦ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលខ្លួនងើបចេញពីវិបត្តិបំណុលឆ្នាំ ២០០៩-២០១៨ ហើយព្យាយាមតាមឲ្យទាន់គូប្រជែងជាប្រវត្តិសាស្ត្ររបស់ខ្លួន គឺប្រទេសទួរគី។
ប្រហែល ៣ពាន់លានអឺរ៉ូ នឹងត្រូវប្រើប្រាស់ ដើម្បីបង្កើតប្រព័ន្ធប្រឆាំងយន្តហោះ និងប្រឆាំងយានដ្រូនច្រើនស្រទាប់ ដែលហៅថា «Achilles Shield»។ ប្រទេសនេះក៏មានគម្រោងទិញយន្តហោះចម្បាំងបំបាំងកាយ នាវាចម្បាំង និងនាវាមុជទឹកថ្មីពីសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។
អមដោយការបន្ថែមថា ក្រុមហ៊ុនក្រិកនឹងផ្តល់ប្រហែល ២៥ភាគរយនៃគម្រោងនេះនោះ មន្ត្រីម្នាក់បាននិយាយថា៖ «យើងចង់ទិញប្រព័ន្ធកាំភ្លើងធំ PULS ចំនួន ៣៦គ្រឿង និងប្រព័ន្ធប្រឆាំងយន្តហោះ សម្រាប់គម្រោង Achilles Shield។ ការចរចាជាមួយអ៊ីស្រាអែល នឹងកាន់តែខ្លាំងក្លា នៅខែក្រោយ»។
មន្ត្រីរូបនេះបានបញ្ជាក់ថា តម្លៃនៃប្រព័ន្ធកាំភ្លើងធំ PULS ចំនួន ៣៦គ្រឿងដែលផលិតដោយក្រុមហ៊ុន Elbit របស់អ៊ីស្រាអែល ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ ៦៥០លានអឺរ៉ូ ដោយបន្ថែមថា ពួកវានឹងត្រូវប្រើប្រាស់ ដើម្បីការពារព្រំដែនភាគខាងកើតរបស់ប្រទេសក្រិកជាមួយទួរគី។
ក្រិក និងអ៊ីស្រាអែល មានទំនាក់ទំនងសេដ្ឋកិច្ច និងការទូតយ៉ាងខ្លាំងក្លា។ ប្រទេសទាំង២ បានចាប់ផ្តើមសមយុទ្ធរួមគ្នាជាច្រើន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយភាគីទាង២ បានដំណើរការមជ្ឈមណ្ឌលហ្វឹកហ្វឺនផ្លូវអាកាសមួយ នៅភាគខាងត្បូងប្រទេសក្រិក៕