បើយោងតាមឯកសារដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) នេះ បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) នឹងពិភាក្សានៅសប្តាហ៍ក្រោយនូវសំណើ ដើម្បីឲ្យប្លុកដឹកនាំការបណ្តុះបណ្តាលមន្ត្រីនគរបាលប៉ាឡេស្ទីនចំនួន ៣.០០០នាក់ ក្នុងគោលបំណងដាក់ពង្រាយពួកគេ នៅតំបន់ហ្កាហ្សា នាពេលក្រោយ។
នៅក្នុងឯកសារដែលរៀបចំឡើងដោយអ្នកការទូតរបស់ប្លុកនេះ នៅមុនការជួបប្រជុំរបស់រដ្ឋមន្ត្រី នាថ្ងៃទី២០ ខែវិច្ឆិកា ក្រុមមន្ត្រីបានគូសបញ្ជាក់ពីជម្រើស សម្រាប់ការរួមចំណែកក្នុងការអនុវត្តផែនការ ២០ចំណុច នៅតំបន់ហ្កាហ្សា ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានព្រមព្រៀងគ្នា កាលពីខែតុលា ចំពោះដំណាក់កាលដំបូងនៃផែនការនេះ ប៉ុន្តែការអនុវត្តផ្នែកបន្ថែមនៃកិច្ចព្រមព្រៀងនេះ នៅតែមានភាពមិនច្បាស់លាស់ខ្លាំង។
នៅក្នុងឯកសារនោះ ទីភ្នាក់ងារសកម្មភាពខាងក្រៅរបស់អឺរ៉ុប បានគូសបញ្ជាក់ពីសំណើ ដើម្បីពង្រីកបេសកកម្មស៊ីវិលចំនួន ២ របស់ប្លុក នៅក្នុងតំបន់នេះ ដែលផ្តោតលើជំនួយព្រំដែន ហើយនិងគាំទ្រដល់ការងារនគរបាល និងកំណែទម្រង់យុត្តិធម៌របស់អាជ្ញាធរប៉ាឡេស្ទីន (PA)។
ឯកសារនោះបានបន្ថែមថា បេសកកម្មគាំទ្រនគរបាលរបស់ EU អាច «ដឹកនាំការបណ្តុះបណ្តាលកងកម្លាំងនគរបាលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ដោយផ្តល់ការហ្វឹកហ្វឺនដោយផ្ទាល់ និងការគាំទ្រដល់មន្រ្តីនគរបាលប៉ាឡេស្ទីនប្រហែល ៣.០០០នាក់ (តាមប្រាក់បៀវត្សរ៍របស់ PA) ពីតំបន់ហ្កាហ្សា ហើយមានគោលដៅបណ្តុះបណ្តាលកម្លាំងនគរបាលប៉ាឡេស្ទីនពេញលេញចំនួន ១៣.០០០នាក់»៕