កងកម្លាំងរុស្ស៊ីព្យាយាមដាក់សម្ពាធលើទីក្រុងភាគខាងកើត Pokrovsk និង Myrnohrad របស់អ៊ុយក្រែន អំឡុងពេល ១សប្តាហ៍កន្លងមកនេះ ស្របពេលដែលយោធាទីក្រុងគីវ ព្យាយាមការពារយ៉ាងរឹងមាំ ។
កាលពីថ្ងៃអង្គារ មេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Oleksandr Syrskii និយាយថា ជិតពាក់កណ្តាលនៃការប្រយុទ្ធគ្នាលើជួរមុខចម្ងាយ ១.២០០គ.ម កំពុងកើតឡើងនៅក្នុងទីក្រុងទាំង ២នេះ ដោយរូបលោកអះអាងថា រុស្ស៊ីមានទាហាន ១៥ម៉ឺននាក់ ដែលស្មើនឹងជិត ១ភាគ ៤នៃកងកម្លាំងរបស់ពួកគេមាននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីដណ្តើមយកទីក្រុងទាំង ២នេះ ។
រុស្ស៊ីយល់ឃើញថា ទីក្រុង Pokrovskគឺជាច្រកចូលដ៏សំខាន់មួយ ទៅកាន់ផ្នែកពុំទាន់បានកាន់កាប់នៅតំបន់ Donetsk គឺជាតំបន់មួយដែលពួកគេបានប្រកាសដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ។
ស្របពេលដែលអ៊ុយក្រែនជាប់ផុងក្នុងរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Volodymyr Zelenskyy នោះ សមរភូមិមុខស្ថិតក្នុងស្ថានភាពរឹងមាំ ដោយគ្មានភាគីណាមួយមានប្រៀបជាងភាគីណាមួយនោះទេ ។
ទាំងរុស្ស៊ី និងអ៊ុយក្រែន តែងតែដណ្តើមបាន និងដណ្តើមបានឡើងវិញនូវសង្កាត់ និងអគារពីគ្នាទៅវិញទៅមក ។
លោក Hus ដែលជាមេបញ្ជាការក្រុមយានដ្រូនមកពីកងពលតូច Jaeger លេខ ៦៨ នៅតំបន់ជាយក្រុង Pokrovsk និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អគារមួយនេះគ្រប់គ្រងដោយភាគីរបស់ពួកយើង ហើយអគារបន្ទាប់ កាន់កាប់ដោយភាគីសត្រូវ ហើយក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ការផ្លាសប្តូរ នឹងកើតមានឡើង ។
ទោះបីជាយ៉ាងណាក៏ដោយ ទាហានអ៊ុយក្រែន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការការពារទីក្រុង Pokrovsk កាន់តែយ៉ាប់យ៉ឺនឡើងៗ បើទោះបីជាមានកិច្ចខិតខំរបស់កងទ័ព ដើម្បីពង្រឹងកម្លាំងរបស់ខ្លួនយ៉ាងណាក៏ដោយ ៕