ក្មេងស្រីវ័យ ១២ឆ្នាំ Raghad al-Assar ដេកសន្លប់នៅក្នុងសាលតម្កល់សពហ្កាហ្សាអស់រយៈពេល ៨ម៉ោង ក្រោយនាងត្រូវបានគេប្រកាសថាស្លាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើផ្ទះរបស់នាង ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប កាលពីឆ្នាំមុន ។
នាងនិយាយប្រាប់កាសែត Al Jazeera ថា ពួកយើងកំពុងអង្គុយនៅក្នុងផ្ទះរបស់ពួកយើង ដូចជាអ្នករាល់គ្នាផ្សេងទៀតដែរ ពេលភ្លាមៗនោះ គ្រាប់កាំភ្លើង យន្តហោះ និងយានដ្រូន បានសំដៅមករកពួកយើង ។
ក្មេងស្រី Al-Assar ត្រូវបានជួយសង្រ្គោះអាយុជីវិតដោយចៃដន្យ ពេលដែលបុរសប៉ាឡេស្ទីនម្នាក់ដើររកកូនប្រុសរបស់គាត់នៅក្នុងសាលតម្កល់សព បានឃើញម្រាមដៃកម្រើករបស់ក្មេងស្រី ពេលដែលនាងដេកក្នុងទូទឹកកកតម្កល់សព ។
នាងរំឭករឿងរ៉ាវដ៏រន្ធត់នេះថា នាងបាត់ស្មារតីរយៈពេល ២សប្តាហ៍ ហើយពេលនាងដឹងខ្លួន គ្រួសាររបស់នាងនិយាយប្រាប់នាងថា នាងត្រូវបានគេដាក់ក្នុងទូទឹកកកនៅសាលតម្កល់សព ។
បងស្រី ២នាក់របស់ក្មេងស្រី al-Assar ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤ ហើយសមាជិកគ្រួសារផ្សេងទៀតរបស់នាង បានរងរបួសផងដែរ ។
ក្មេងស្រី al-Assar និយាយថា សមាជិកគ្រួសារទាំងអស់របស់នាងបានរងរបួស ហើយបងស្រី ២នាក់របស់នាង បានស្លាប់ ។ បងស្រីច្បងបង្អស់របស់នាង មានរបួសធ្ងន់ធ្ងរជាងនាង ។ បងស្រីនាងមានពិការភាពភ្នែកម្ខាង មានស្នាមរលាកភ្លើង របួសជ្រៅ និងបញ្ហាក្រពះ ។
រឿងរ៉ាវរបស់ក្មេងស្រី al-Assar ស្ថិតក្នុងចំណោមរឿងរ៉ាវដ៏គួរឲ្យសង្វេគជាច្រើនទៀតរបស់ជនប៉ាឡេស្ទីន អំឡុងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ រៀបរាប់ថាជាអំពើប្រល័យពូជសាសន៍ ៕