ជនភៀសខ្លួនប៉ាឡេស្ទីន កំពុងជួបការលំបាក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានជន់លិចតង់របស់ពួកគេនៅក្នុងជំរំភៀសខ្លួនបណ្តោះអាសន្នក្នុងទីក្រុងហ្កាហ្សា ខណៈអង្គការសហប្រជាជាតិព្រមានថាការរឹតត្បិតរបស់អ៊ីស្រាអែលលើជំនួយ បានធ្វើឱ្យប្រជាជនរាប់សែនគ្រួសារគ្មានទីជម្រកគ្រប់គ្រាន់។
ជនភៀសខ្លួនប៉ាឡេស្ទីនម្នាក់ បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃសុក្រថា ពូក សម្លៀកបំពាក់ និងរបស់របរផ្សេងៗទៀតរបស់អ្នកស្រុកត្រូវបានលិចនៅក្នុងទឹកជំនន់។ លោកនិយាយថា «យើងកំពុងអំពាវនាវរកជំនួយសម្រាប់តង់ថ្មីដែលយ៉ាងហោចណាស់អាចការពារមនុស្សពីភាពត្រជាក់នៅក្នុងរដូវរងារ» ខណៈមនុស្សរាប់សិបនាក់បានធ្វើការជាច្រើនម៉ោងដើម្បីបូមទឹកចេញពីតំបន់នោះ។

លោក និយាយថា «ភ្លៀងរដូវរងានេះគឺជាពរជ័យ ប៉ុន្តែគ្រួសារជាច្រើនមិនចង់ឲ្យភ្លៀងធ្លាក់ទេ ដោយភ័យខ្លាចដល់អាយុជីវិតកូនៗរបស់ពួកគេ និងការរស់រានមានជីវិត»។
ទីភ្នាក់ងារការពារជនស៊ីវិលតំបន់ហ្កាហ្សាបាននិយាយថា ទឹកជំនន់កាលពីថ្ងៃសុក្របានធ្វើឲ្យប៉ះពាល់ជាចម្បងដល់ប្រជាជនប៉ាឡេស្ទីននៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សរាប់សែននាក់ បានត្រឡប់ទៅវិញបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ទីភ្នាក់ងារជួយសង្គ្រោះបានជំរុញសហគមន៍អន្តរជាតិឱ្យធ្វើបន្ថែមទៀតដើម្បី «ដោះស្រាយទុក្ខលំបាក» របស់ប្រជាជនប៉ាឡេស្ទីនដែលលំនៅឋានរបស់ពួកគេត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមរយៈពេលពីរឆ្នាំរបស់អ៊ីស្រាអែលនៅនោះតំបន់នោះ។
