ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក កំពុងដកខ្លួនជាផ្លូវការចេញពីការណែនាំដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍បង់ប្រាក់ឱ្យអ្នកដំណើរ ប្រសិនបើជើងហោះហើររបស់ក្រុមហ៊ុនត្រូវបានពន្យារពេល។ សេតវិមានបានប្រកាសដកខ្លួនចេញជាផ្លូវការកាលពីថ្ងៃសុក្រ បន្ទាប់ពីបានបង្ហាញផែនការរបស់ខ្លួនជាលើកដំបូងមានតាំងពីខែកញ្ញា។ ផែនការនេះ ត្រូវបានលើកឡើងជាលើកដំបូងក្នុងអំឡុងពេលនៃរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden អ្នកប្រជាធិបតេយ្យ។

កាលពីខែធ្នូ ឆ្នាំ២០២៤ ទីភ្នាក់ងារសហព័ន្ធក្រោមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Pete Buttigieg បានស្វែងរកការអត្ថាធិប្បាយជាសាធារណៈលើផែនការនេះ ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍បង់ប្រាក់ពី ២០០ទៅ៣០០ដុល្លារសម្រាប់ការពន្យារពេលក្នុងស្រុកដែលសរុបលើសពី៣ម៉ោង និងមានតម្លៃខ្ពស់រហូតដល់៧៧៥ដុល្លារសម្រាប់ការពន្យារពេល។ ក្រសួងដឹកជញ្ជូនរបស់លោក Trump បាននិយាយថា វិធានការនេះនឹងក្លាយជា «បន្ទុកនិយ័តកម្មដែលមិនចាំបាច់» ក្នុងពេលមានការពន្យល់អំពីមូលហេតុដែលនឹងលុបចោលផែនការនេះ។ កាលពីខែមុន ក្រុមសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យចំនួន១៨រូប បានជំរុញឲ្យរដ្ឋបាលលោក Trump កុំលុបចោលគម្រោងសំណង។ ក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិក ត្រូវតែសងប្រាក់ដល់អ្នកដំណើរសម្រាប់ជើងហោះហើរដែលត្រូវបានលុបចោល ប៉ុន្តែមិនតម្រូវឱ្យផ្តល់សំណងដល់អតិថិជនសម្រាប់ការពន្យារពេលនោះទេ។ សហភាពអ៊ឺរ៉ុប កាណាដា ប្រេស៊ីល និងចក្រភពអង់គ្លេស សុទ្ធតែមានច្បាប់ផ្តល់សំណងលើការពន្យារពេលរបស់ក្រុមហ៊ុនអាកាសចរណ៍។ បច្ចុប្បន្នពុំមានក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក ធានាសំណងជាសាច់ប្រាក់សម្រាប់ការរំខានដល់ជើងហោះហើរនោះទេ។
