រដ្ឋាភិបាលប្រទេសស្វីសបាននិយាយកាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយការដំឡើងពន្ធលើទំនិញមកពីប្រទេសស្វីសមកត្រឹម១៥% ពីពន្ធ៣៩%ដែលនៅទ្រឹង ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខ័ណ្ឌថ្មី ដែលរួមបញ្ចូលការសន្យារបស់ក្រុមហ៊ុនស្វីសក្នុងការវិនិយោគទឹកប្រាក់២០០ពាន់លានដុល្លារក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៨។

រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសស្វីស លោក Guy Parmelin បាននិយាយថា កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យប្រទេសមានជំហរស្មើភាពជាមួយសហភាពអឺរ៉ុប ហើយទីក្រុង Bern ពុំបានធ្វើសម្បទានដែលនឹងកំណត់អធិបតេយ្យភាព និងសមត្ថភាពក្នុងចំណាត់ការរបស់ខ្លួន «លើវិស័យគោលនយោបាយសេដ្ឋកិច្ចខាងក្រៅ ជាពិសេសក្នុងផ្នែកទណ្ឌកម្ម ការត្រួតពិនិត្យការនាំចេញ ឬការគ្រប់គ្រងការវិនិយោគ»។
លោក Parmelin បាននិយាយថាកិច្ចព្រមព្រៀងនេះមានភាពធូរស្រាលយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចរបស់ប្រទេសស្វីស ហើយការដំឡើងពន្ធខ្ពស់បានបណ្តាលឱ្យ «ខាតបង់យ៉ាងច្រើន» និងប៉ះពាល់ដល់ការនាំចេញប្រហែល៤០% របស់ប្រទេស។
