លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ថា សហរដ្ឋអាមេរិកនឹងសាកល្បងអាវុធនុយក្លេអ៊ែរដូចប្រទេសដទៃទៀតដែរ ប៉ុន្តែបានបដិសេធមិននិយាយថាតើផែនការនោះរួមបញ្ចូលការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរដែរឬយ៉ាងណា។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ខណៈលោកធ្វើដំណើរទៅកាន់រដ្ឋ Florida នៅចុងសប្តាហ៍នេះថា «យើងនឹងធ្វើតេស្តនុយក្លេអ៊ែរ ព្រោះអ្នកផ្សេងទៀតបានធ្វើតេស្ត។ ប្រទេសផ្សេងទៀតធ្វើតេស្ត។ យើងមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសដទៃទៀត»។
កាលពីខែមុនលោក Trump បានបញ្ជាឱ្យយោធាសហរដ្ឋអាមេរិកចាប់ផ្តើមឡើងវិញឆាប់ៗនូវដំណើរការសាកល្បងអាវុធនុយក្លេអ៊ែរបន្ទាប់ពីរយៈពេល៣៣ឆ្នាំ ដោយធ្វើឱ្យមានការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើ បណ្តាញTruth Social ។
