វាយកូនគោល៖ កីឡាករវាយកូនគោលអាហ្សង់ទីន Eduardo Romero បានទទួលមរណភាពហើយក្នុងវ័យ ៦៧ឆ្នាំដោយសារជំងឺមហារីក។ Romero ដែលមានរហ័សនាថា El Gato រឺប្រែថា សត្វឆ្មា ត្រូវបានគេស្គាល់ថាជាកីឡាករឆ្នើម និងល្បីឈ្មោះម្នាក់នៅអាមេរិកខាងត្បូង។

Eduardo Romero ធ្លាប់ឈ្នះជើងឯកក្នុងក្របខណ្ឌ European Tour ៨លើក និងឈ្នះពានលើកដំបូងតាំងពីឆ្នាំ១៩៨៩។ ជ័យជំនះជើងឯកចុងក្រោយបំផុតរបស់លោកគឺនៅឆ្នាំ២០០២ នៅពេលយកឈ្នះក្នុងវគ្គ Play-Off លើកពាន Scottish Open ក្នុងវ័យ ៤៧ឆ្នាំ។ ក្រៅពី European Tour និង PGA Tour លោក Romero ធ្លាប់ជោគជ័យច្រើនណាស់នៅអាមេរិកខាងត្បូងដល់ទៅជាង ៨០លើក និងធ្លាប់ប្រកួតតំណាងក្រុមជំរើសជាតិអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកដល់ទៅ ១៤លើក និងធ្លាប់បានជើងឯករងនៅឆ្នាំ២០០០ ក្នុងទឹកដីរបស់ខ្លួននៅពេលចាប់ដៃគូជាមួយមិត្តរួមជាតិ Angel Cabrera៕
អត្ថបទ៖នាង សុភាវុធ