ដោយដកស្រង់ប្រភពនានា ទូរទស្សន៍ NDTV បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៧នាក់ បានបាត់បង់ជីវិត ហើយ ២៧នាក់ទៀត បានរងរបួស នៅពេលដែលគ្រឿងផ្ទុះមួយគំនរធំដែលរឹបអូសបាន នៅប៉ុស្តិ៍នគរបាលមួយ ក្នុងតំបន់ Kashmir របស់ប្រទេសឥណ្ឌា បានផ្ទុះ កាលពីល្ងាចថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា)។
សេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកស្លាប់ភាគច្រើន គឺជានគរបាល និងមន្ត្រីក្រុមធ្វើកោសល្យវិច័យដែលកំពុងពិនិត្យគ្រឿងផ្ទុះដែលរក្សាទុកនៅប៉ុស្តិ៍នគរបាល។ ប្រព័ន្ធផ្សព្វផ្សាយ NDTV បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ដោយសារអ្នករបួស ៥នាក់ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះភ្លាមៗឡើយ។ ហើយនគរបាលតំបន់ Jammu & Kashmir ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។
មុននេះ មន្ត្រីនគរបាល ក្នុងតំបន់ បានប្រាប់សារព័ត៌មាន Reuters ថា ការផ្ទុះមួយបានកើតមាននៅប៉ុស្តិ៍នគរបាល Nowgam។ មន្ត្រីដដែលបានបន្តថា ការផ្ទុះនេះបានបង្កជាអគ្គិភ័យឆាបឆេះអគារ ហើយរថយន្តពន្លត់អគ្គិភ័យបានប្រញាប់ទៅកាន់កន្លែងកើតហេតុ ដោយមានក្ដីបារម្ភពីអ្នកស្លាប់ និងរបួស។
ការផ្ទុះនេះកើតឡើងរយៈពេលតែ ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការបំផ្ទុះរថយន្តដ៏គួរឲ្យរន្ធត់មួយ នៅទីក្រុង Delhi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ ជាអ្វីដែលឥណ្ឌាចាត់ទុកថា ជាឧប្បត្តិហេតុភេរវកម្ម៕
