ប្រទេសចិនបានណែនាំពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងកុំធ្វើដំណើរទៅប្រទេសជប៉ុន បន្ទាប់ពីមានជម្លោះការទូតដែលបង្កឡើងដោយការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ទីក្រុងតូក្យូ ពាក់ព័ន្ធនឹងការសន្មតពីការវាយប្រហារលើកោះតៃវ៉ាន់។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់សភាកាលពីថ្ងៃទី៧ ខែវិច្ឆិកាថា ការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះស្វ័យគ្រប់គ្រងដែលត្រូវបានអះអាងសិទ្ធិដោយប្រទេសចិន អាចនឹងមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ។

កាលពីថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតជប៉ុន ខណៈដែលទីក្រុងតូក្យូ បានប្រាប់ថា ខ្លួនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន បន្ទាប់ពីមាន «ការបង្ហោះមិនសមរម្យ» និងឥឡូវនេះត្រូវបានដកចេញ នៅលើប្រព័ន្ធអ៊ីនធឺណិត។
តាំងពីពេលនោះមក ទីក្រុងតូក្យូបានបញ្ជាក់ថា ជំហររបស់ខ្លួន ចំពោះកោះតៃវ៉ាន់ ដែលមានចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រ ពីកោះដែលនៅជិតបំផុតរបស់ជប៉ុន គឺមិនផ្លាស់ប្តូរឡើយ។ តាមរយៈការបង្ហោះតាមអ៊ីនធឺណិត កាលពីល្ងាចថ្ងៃសុក្រ ស្ថានទូតចិនប្រចាំនៅជប៉ុន បានប្រាប់ពលរដ្ឋខ្លួនកុំឲ្យធ្វើដំណើរទៅប្រទេសនេះ។
ការបង្ហោះនៅលើបណ្ដាញសង្គម WeChat បានរៀបរាប់ថា៖ «ថ្មីៗនេះ មេដឹកនាំជប៉ុន បានធ្វើការកត់សម្គាល់បង្កហេតុយ៉ាងខ្លាំង ទាក់ទងនឹងកោះតៃវ៉ាន់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាស សម្រាប់ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន។ ស្ថានការណ៍នេះបង្ហាញពី ហានិភ័យយ៉ាងធំ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងជីវិតរបស់ពលរដ្ឋចិន នៅក្នុងប្រទេសជប៉ុន»។
ការបង្ហោះនោះបានបន្ថែមថា៖ «ក្រសួងការបរទេស និងស្ថានទូត និងស្ថានកុងស៊ុលចិន ប្រចាំប្រទេសជប៉ុន ក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់ពលរដ្ឋចិន ចៀសវាងកុំធ្វើដំណើរទៅប្រទេសជប៉ុន នាពេលខាងមុខដ៏ខ្លីនេះ»៕


