យោធាអាមេរិក កាលពីថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) បានឲ្យដឹងថា ការវាយប្រហារលើកទី២០ របស់ខ្លួន លើទូក ១គ្រឿងដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនគ្រឿងញៀន បានសម្លាប់មនុស្ស ៤នាក់ នៅសមុទ្រការីអ៊ីប ដោយហេតុការណ៍នេះបានកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោក Donald Trump បង្កើនយុទ្ធនាការ នៅក្នុងដែនទឹកនៃតំបន់អាមេរិកខាងត្បូង។

បើយោងតាមការបង្ហោះលើបណ្ដាញសង្គម កាលពីថ្ងៃសុក្រ ដោយទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិកដែលត្រួតពិនិត្យប្រតិបត្តិការយោធា នៅតំបន់ការ៉ាអ៊ីប និងអាមេរិកឡាទីន បានឲ្យដឹងថា ការវាយប្រហារចុងក្រោយបង្អស់នេះ បានកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ការវាយប្រហារចុងក្រោយបំផុតនេះនាំឲ្យចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដែលបានចាប់ផ្តើមក្នុងខែកញ្ញា កើនដល់ ៨០នាក់ហើយ ដោយកងទ័ពជើងទឹកម៉ិកស៊ិក បានផ្អាកការស្វែងរកអ្នកនៅរស់រានមានជីវិតពីការវាយប្រហារនេះ នៅចុងខែតុលា បន្ទាប់ពីធ្វើប្រតិបត្តិការរយៈពេល ៤ថ្ងៃ។
ការបង្ហោះរបស់ទីបញ្ជាការភាគខាងត្បូង នៅលើបណ្ដាញសង្គម X បង្ហាញឲ្យឃើញទូក ១គ្រឿង កំពុងបង្កើនល្បឿនលើទឹក មុនពេលវាឆេះនៅក្នុងអណ្តាតភ្លើង។ ទីបញ្ជាការបានបន្ថែមថា ការស៊ើបការណ៍សម្ងាត់ បានបញ្ជាក់ថា នាវានេះ «ជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ឆ្លងកាត់តាមផ្លូវជួញដូរគ្រឿងញៀនដែលស្គាល់ច្បាស់ និងដឹកជញ្ជូនគ្រឿងញៀន»។
យ៉ាងណាក្ដី ការបង្ហោះរបស់ទីបញ្ជាការភាគខាងត្បូងនេះ បានបង្ហាញនូវការផ្លាស់ប្តូរខុសពីទម្លាប់របស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ដែលតែងប្រកាសពីការវាយប្រហារតាមបណ្ដាញសង្គម ទោះបីជាលោកបានបង្ហោះឡើងវិញនូវសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការភាគខាងត្បូងយ៉ាងឆាប់រហ័សក៏ដោយ៕
