ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះវិហារ បានអះអាងថា បញ្ហាបទល្មើសការលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងខេត្តព្រះវិហារ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈអ្នកប្រព្រឹត្តិល្មើស តែងត្រូវបានធ្វើការអប់រំ និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់
ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងលើកទិសដៅអនុវត្តបន្តរបស់ខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ មានប្រសាសន៍ថា ព្រៃឈើនៅក្នុងខេត្តព្រះវិហារ កំពុងគ្រប់គ្រងដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គឺគ្រាន់តែស្ថិតក្នុងដែនបរិស្ថានមានរហូតដល់ប្រមាណ ១លានហិកតា ។
លោក បានបន្តថា ក្នុងដែនព្រៃការពារទាំងអស់នោះ តែងកើតមាននូវបទល្មើសព្រៃឈើ ប៉ុន្តែអាជ្ញាធរ និងអ្នកពាក់ព័ន្ធដែលប្រចាំការទីនោះ បានធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ហើយក៏មានបញ្ជូនទៅតុលាការ នូវបទល្មើសធំៗផងដែរ ។
លោក អ៊ុង វុទ្ធី បានបញ្ជាក់ថា ក្រៅពីបញ្ហាបទល្មើសព្រៃឈើថយចុះ ចំពោះការលួចបរបាញ់សត្វព្រៃ ក៏មានការថយចុះផងដែរ ដោយពលរដ្ឋបានយល់ដឹងច្រើន ពីការអភិរក្សថែរក្សាសត្វព្រៃ ទុកដើម្បីបម្រើដល់វិស័យទេសចរណ៍ ដែលពួកគាត់អាចរកប្រាក់ចំណូលពីវិស័យនេះ ហើយសម្រាប់អ្នកប្រព្រឹត្តល្មើសវិញ ក៏ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ប៉ុន្តែមិនមានការផ្ដន្ទាទោសអ្វីនោះទេ ។
ជាមួយគ្នានេះ លោកអភិបាលរង បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តជួយថែរក្សាការពារព្រៃឈើ និងសត្វព្រៃ មិនថាតែនៅក្នុងខេត្តព្រះវិហារ គឺនៅទូទាំងប្រទេស ដើម្បីបម្រើដល់វិស័យទេសចរណ៍ ឬផលប្រយោជន៍ផ្សេងៗទៀត ៕



