ដោយដកស្រង់អនុស្សរណៈរបស់សេតវិមាន សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុមហ៊ុនទីផ្សារអនឡាញ Alibaba ថា បានផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាដល់ប្រតិបត្តិការយោធារបស់ចិន ប្រឆាំងនឹងគោលដៅ នៅក្នុងសហរដ្ឋអាមេរិក។
សារព័ត៌មាន FT បានរាយការណ៍ថា អនុស្សរណៈសន្តិសុខជាតិ រួមមានការស៊ើបការណ៍សម្ងាត់កម្រិតខ្ពស់ អំពីរបៀបដែលក្រុមហ៊ុនចិនផ្គត់ផ្គង់កងទ័ពរំដោះប្រជាជន ជាមួយនឹងសមត្ថភាព ដែលសេតវិមានជឿថា គំរាមកំហែងដល់សន្តិសុខសហរដ្ឋអាមេរិក។

តែយ៉ាងណាក្ដី សេចក្ដីរាយការណ៍នេះ មិនបានបញ្ជាក់ពីសមត្ថភាព ឬប្រតិបត្តិការណាមួយដែលពាក់ព័ន្ធ ឬថា តើសហរដ្ឋអាមេរិកកំពុងស្វែងរកការឆ្លើយតបតាមមធ្យោបាយណាមួយនោះឡើយ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលជួញដូរនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៤,២ភាគរយ បន្ទាប់ពីមានព័ត៌មាននេះ។ ក្រុមហ៊ុន Alibaba បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការអះអាង និងការផ្ដល់ន័យបញ្ឆិតបញ្ឆៀង នៅក្នុងអត្ថបទនេះ គឺមិនពិតទាល់តែសោះ»។
សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនបានលើកឡើងថា៖ «យើងមានមន្ទិលសង្ស័យពីហេតុផលជំរុញចិត្ត នៅពីក្រោយការបែកធ្លាយអនាមិកនេះ ដែលសារព័ត៌មាន FT ទទួលស្គាល់ថា ខ្លួនមិនអាចផ្ទៀងផ្ទាត់បានឡើយ។ ប្រតិបត្តិការ PR (ទំនាក់ទំនងសាធារណៈ) បង្កគ្រោះថ្នាក់នេះ គឺច្បាស់ណាស់ថា បានចេញមកពីបុគ្គលទុច្ចរិតទាំងឡាយ ដែលកំពុងសម្លឹងធ្វើឲ្យខូចដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរបស់ប្រធានាធិបតី លោក (Donald) Trump ជាមួយប្រទេសចិន»។
ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានបដិសេធរបាយការណ៍នេះ ហើយបានបញ្ជាក់ថា ប្រទេសចិនប្រឆាំង និងបង្ក្រាបរាល់ទម្រង់នៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ស្របតាមច្បាប់។ ចំណែកសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ៕
