ក្រុមមន្ត្រី កាលពីថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Donald Trump បានបើកកិច្ចប្រជុំចំនួន ៣ នៅសេតវិមាន ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សា អំពីជម្រើស សម្រាប់លទ្ធភាពនៃការមានប្រតិបត្តិការយោធានៅក្នុងប្រទេសវ៉េណេស៊ុយយអេឡា ស្របពេលវត្តមានយោធាអាមេរិកកើនឡើងនៅក្នុងតំបន់ការ៉ាអ៊ីប។
លោកប្រធានាធិបតី Trump បានដាក់ពង្រាយយន្តហោះ F-35 នាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរ ទៅកាន់តំបន់នេះ ដែលជាផ្នែកមួយនៃការបង្កើនកម្លាំងយោធា បន្ទាប់ពីមានការវាយប្រហារដ៏ខ្លាំងក្លារយៈពេល ២ខែប្រឆាំងនឹងទូក នៅវ៉េណេស៊ុយអេឡា។ កាលពីដើមសប្តាហ៍នេះ ក្រុមវាយប្រហារនៅលើនាវាផ្ទុកយន្តហោះ Gerald Ford បានផ្លាស់ទីទៅកាន់តំបន់អាមេរិកឡាទីន ដោយនាំយកយន្តហោះយោធាជាង ៧៥គ្រឿង និងទាហានជាង ៥.០០០នាក់។

លោក Trump បានលើកឡើងកាលពីថ្ងៃសុក្រថា ការសម្រេចមួយអាចកើតឡើងក្នុងពេលឆាប់ៗនេះ ជុំវិញថា តើត្រូវចាត់វិធានការយោធាដែរ ឬយ៉ាងណា ប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា ដែលប្រធានាធិបតីអាមេរិក បានចោទប្រកាន់ថា មានទំនាក់ទំនងជិតស្និទ្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។
ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិក ៤រូប និងប្រភពដែលដឹងអំពីបញ្ហានេះ បានប្រាប់ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមាតុភូមិ បានធ្វើឡើងនៅសប្តាហ៍នេះ ដោយមន្ត្រី ៣នាក់ ក្នុងចំណោមមន្ត្រីទាំងនោះ បានបញ្ជាក់ថា កិច្ចប្រជុំមួយ ក្នុងចំណោមនោះ គឺធ្វើឡើងកាលពីថ្ងៃសុក្រ។
ក្រុមប្រឹក្សាផ្តល់ដំបូន្មានដល់ប្រធានាធិបតី អំពីបញ្ហាទាក់ទងនឹងសន្តិសុខមាតុភូមិ ហើយជាធម្មតាត្រូវបានដឹកនាំដោយលោក Stephen Miller ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់លោក Trump៕
