លោកប្រធានាធិបតី Gustavo Petro បាននិយាយថា កូឡុំប៊ីបានយល់ព្រមទិញយន្តហោះចម្បាំងពីស៊ុយអែត ក្នុងកិច្ចព្រមព្រៀងតម្លៃ ៤,៣ពាន់លានដុល្លារជាមួយក្រុមហ៊ុន Saab ខណៈដែលប្រទេសរបស់លោកកំពុងជាប់ក្នុងភាពតានតឹងជាមួយសហរដ្ឋអាមេរិក។
រដ្ឋាភិបាលធ្លាប់បានប្រាប់កាលពីខែមេសាថា ខ្លួននឹងទិញយន្តហោះចម្បាំងពីក្រុមហ៊ុន Saab ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន ឬទឹកប្រាក់នោះទេ។ តែកាលពីថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) ក្នុងព្រឹត្តិការណ៍មួយនៅឯមូលដ្ឋានយោធា លោក Petro បានបញ្ជាក់ថា កូឡុំប៊ីនឹងទិញយន្តហោះចម្បាំង Gripen ចំនួន ១៧គ្រឿង។

គួរបញ្ជាក់ថា កូឡុំប៊ី និងប្រទេសភាគច្រើននៃតំបន់អាមេរិកឡាទីន កំពុងតែប្រឈមនឹងហានិភ័យ ដោយសារយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក ដែលដាក់គោលដៅលើទូកសង្ស័យរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត។
លោក Petro ដែលជាប្រធានាធិបតីឆ្វេងនិយមដំបូងរបស់កូឡុំប៊ី បានបាយប្រហារដោយពាក្យសម្ដីទៅវិញទៅមកជាមួយសមភាគីអាមេរិក លោក Donald Trump ហើយបានចោទប្រកាន់ថា គោលដៅចុងក្រោយនៃការដាក់ពង្រាយរបស់សហរដ្ឋអាមេរិក គឺដើម្បីដណ្តើមយកធនធានប្រេងរបស់វ៉េណេស៊ុយអេឡា និងធ្វើឲ្យតំបន់អាមេរិកឡាទីនមានអស្ថិរភាព។
ហើយលោក Petro បានសង្កត់ធ្ងន់ថា យន្តហោះថ្មីនេះនឹងត្រូវប្រើប្រាស់ ដើម្បីរារាំង «ការឈ្លានពានលើកូឡុំប៊ី ទោះជាវាអាចនឹងចេញមកពីណាក៏ដោយ»៕
