នគរបាលបានឲ្យដឹងថា មនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងរងរបួស នៅពេលដែលរថយន្តក្រុងមួយគ្រឿង បានបើកបុកហ្វូងមនុស្សឈរតម្រង់ជួរនៅចំណតរថយន្តក្រុងពេញទំហឹង នៅកណ្តាលទីក្រុង Stockholm ក្នុងអំឡុងពេលម៉ោងមានចរាចរន៍មមាញឹក កាលពីរសៀលថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា)។
ភ្លាមៗបន្ទាប់ពីមានឧបទ្ទវហេតុនេះ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយស៊ុយអែត បានបង្ហាញឲ្យឃើញក្រុមនគរបាល រថយន្តសង្គ្រោះ និងរថយន្តសង្គ្រោះបន្ទាន់ នៅកន្លែងកើតហេតុ ដោយក្រុមជួយសង្គ្រោះបានក្រាបចុះចូលទៅក្រោមរថយន្តក្រុងកម្ពស់ ២ជាន់ ដែលមើលទៅហាក់ដូចជាព្យាយាមជួយមនុស្សដែលជាប់នៅពីក្រោមនោះ។

សេចក្តីថ្លែងការណ៍របស់នគរបាលបានឲ្យដឹងថា៖ «មានទាំងអ្នករបួស និងអ្នកស្លាប់ នៅក្នុងឧបទ្ទវហេតុនេះ។ នាពេលនេះ នគរបាលមិនធ្វើអត្ថាធិប្បាយពីចំនួន ភេទ ឬអាយុរបស់ជនរងគ្រោះឡើយ»។
អ្នកនាំពាក្យអាជ្ញាធរសុខាភិបាល លោកស្រី Michelle Marcher បានប្រាប់សារព័ត៌មានថា មនុស្ស ២នាក់ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកនាំពាក្យនគរបាល លោកស្រី Nadya Norton បាននិយាយថា មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ លោកស្រីបានប្រាប់ថា៖ «ការស៊ើបអង្កេតនឹងត្រូវកំណត់ពីអ្វីដែលបានកើតឡើង។ វាគឺលឿនពេកណាស់ដែលមិនអាចនិយាយលម្អិតបាន ហើយខ្ញុំមិនចង់ប៉ាន់ស្មាននោះទេ»។
លោកស្រីបានឲ្យដឹងថា អ្នកបើកបររថយន្តក្រុង ត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតឃាតកម្ម ត្រូវបានបើកដំណើរការ តាមទម្លាប់។ លោកស្រី Norton បាននិយាយថា៖ «យើងត្រូវការសាកសួររូបគេ បន្ទាប់មកយើងនឹងពិនិត្យមើលថា តើរូបគេនឹងត្រូវដោះលែង ឬបន្តឃុំខ្លួន»៕


