ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍នៅថ្ងៃសៅរ៍ (ទី១៥ ខែវិច្ឆិកា) នេះថា បំណាក់ដីនៅកោះជ្វាភាគកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី បានបណ្ដាលឲ្យមនុស្សចំនួន ៦នាក់យ៉ាងតិចបាត់បង់ជីវិត ហើយយ៉ាងហោចណាស់ ១៧នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ។
ដោយដកស្រង់សម្តីពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Budi Irawan សារព័ត៌មាន Antara បានឲ្យដឹងថា បំណាក់ដី ដែលកើតមានកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Cilacap បានកប់ផ្ទះម្បែងរាប់សិបខ្នង នៅក្នុងភូមិ Cibeunying។

លោក Budi អនុប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «យើងបានរកឃើញសាកសព ៣នាក់បន្ថែមទៀត ដោយនៅសល់តែ ១៧នាក់ទៀតប៉ុណ្ណោះដែលត្រូវស្វែងរក។ យើងបានធ្វើការអស់ពីសមត្ថភាពរបស់យើង»។
នៅមុននេះ ទីភ្នាក់ងារនេះ បានរកឃើញសាកសពមនុស្ស ៣នាក់រួចហើយ។ ហើយលោក Budi បានបញ្ជាក់ថា ទីតាំងកំពុងផ្ដល់បញ្ហាប្រឈមដល់អ្នកជួយសង្គ្រោះ ខណៈដែលជនរងគ្រោះត្រូវបានកប់ក្នុងជម្រៅពី ៣ ទៅ ៨ម៉ែត្រ។
ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា រដូវវស្សារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមនៅក្នុងខែកញ្ញា ហើយនឹងមានរយៈពេលរហូតដល់ខែមេសា ដែលនាំមកនូវហានិភ័យខ្ពស់ពីការមានទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង នៅតំបន់ជាច្រើន។ កាលពីខែមករា បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងទីក្រុងរបស់កោះជ្វាភាគកណ្តាលមួយទៀតឈ្មោះ Pekalongan បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់៕
