មន្ត្រីអ៊ុយក្រែនបានប្រាប់ឲ្យដឹងថា រុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងក្លា ដោយយានដ្រូន និងមីស៊ីល លើអ៊ុយក្រែន កាលពីព្រឹកថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) ដោយបានសម្លាប់មនុស្ស ៦នាក់យ៉ាងតិច នៅក្នុងទីក្រុងគីវ និង ២នាក់ទៀតនៅភាគខាងត្បូង អំឡុងការវាយប្រហារលើទីតាំងថាមពល អគារផ្ទះល្វែង និងហេដ្ឋារចនាសម្ព័ន្ធ។
លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ី បានប្រើប្រាស់យានដ្រូនចំនួន ៤៣០គ្រឿង និងមីស៊ីល ១៨គ្រាប់ ហើយទីក្រុងគីវ កំពុងឆ្លើយតបជាមួយនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយ។ នេះគឺជាការវាយប្រហារដ៏ធំបំផុតមួយលើរដ្ឋធានីរបស់អ៊ុយក្រែនមកទល់ពេលនេះ។

មន្ត្រីអ៊ុយក្រែនបានប្រាប់ថា យានដ្រូន និងមីស៊ីលភាគច្រើន ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែការធ្លាក់កម្ទេចកម្ទី និងអគ្គិភ័យ បានធ្វើឲ្យខូចខាតអគារផ្ទះល្វែងកម្ពស់ខ្ពស់ សាលារៀន ទីកន្លែងកន្លែងព្យាបាល និងអគាររដ្ឋបាលនៅទូទាំងតំបន់ចំនួន ៩ ក្នុងទីក្រុងដែលមានប្រជាជនប្រហែល ៣លាននាក់។
មន្ត្រីទីក្រុងបានបញ្ជាក់ថា មនុស្ស ៦នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងគីវ ដែលជាចំណុចផ្តោតសំខាន់នៃការវាយប្រហារ។ ចំណែកអភិបាលតំបន់ បានឲ្យដឹងថា យានដ្រូនរបស់រុស្ស៊ី ក៏បានវាយប្រហារផងដែរលើទីក្រុងសមុទ្រខ្មៅ Chornomorsk ដោយបានសម្លាប់មនុស្ស ២នាក់។
អមដោយការបន្ថែមថា ស្ថានទូតអាស៊ែបៃហ្សង់ ក៏ត្រូវបានរងគ្រោះដោយកម្ទេចកម្ទីនៃបំណែកមីស៊ីល Iskander ផងដែរនោះ លោក Zelenskyy បានសង្កត់ធ្ងន់ថា៖ «មានតែសម្ពាធ ដែលរួមមានទណ្ឌកម្ម និងកម្លាំងប៉ុណ្ណោះ ទើបអាចបង្ខំរុស្ស៊ីឲ្យបញ្ចប់សង្រ្គាមនេះ ជាសង្រ្គាមដែលគ្មាននរណាត្រូវការឡើយ ក្រៅពីពួកគេ»៕

