ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា នឹងចាត់វិធានការរដ្ឋបាលផ្លូវច្បាប់ និងគ្មានការលើកលែងនោះទេ ចំពោះអតីតបុគ្គលិកណាហ្គាវើលដ៍ ប្រសិនបើនៅបន្តរឹងរូសធ្វើបាតុកម្មដោយគ្មានការអនុញ្ញាត ។
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានខិតខំសម្របសម្រួលគ្រប់លទ្ធភាព តាមរយៈការស្នើទៅក្រសួងការពារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យអញ្ជើញភាគីពាក់ព័ន្ធទៅដោះស្រាយតាមយន្តការច្បាប់ ប៉ុន្តែក្រុមបាតុករនៅតែបន្តសកម្មភាពរបស់ខ្លួនដដែលជាដដែល ហើយថា ការបន្តធ្វើបាតុកម្មរយៈពេល៤៩ថ្ងៃ រហូតបានរកឃើញវិជ្ជមានម្នាក់ និងបន្តរកឃើញជាបន្តបន្ទាប់ ខណៈបាតុករមួយចំនួនមិនព្រមសហការយកសំណាកនៅកោះពេជ្រ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដដែលបានលើកឡើងទៀតថាក្នុងរយៈពេលនៃការធ្វើបាតុកម្មខុសច្បាប់ សកម្មភាពនេះ បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះចរាចរ ព្រមទាំងបង្ករការរំខានដល់ការប្រកបរបរអាជីវកម្ម និងការងារប្រចាំថ្ងៃរបស់ពលរដ្ឋជាដើមនោះ។
យ៉ាងណាក៏ដោយរដ្ឋបាលភ្នំពេញ បានព្រមានថា ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ជាពិសេសអូមីក្រុង ក៏ដូចជាការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ អាជ្ញាធរមិនអនុញ្ញាតដាច់ខាតឲ្យមានការប្រមូលផ្តុំធ្វើសកម្មភាពបាតុកម្មរបស់អតីត និងបុគ្គលិកណាហ្គាវើលដ៍នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនឡើយ។ ប្រសិនបើ«មានការរឹងរូស បន្តសកម្មភាព រដ្ឋបាលភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងនោះឡើយ»៕ អត្ថបទ៖ បាន ចក់
