ភ្នំពេញ៖ ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) ប្រចាំតំបន់មាន៣ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា-វៀតណាម-ឡាវ បានគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្តរបស់មនុស្ស ក្នុងបរិបទកូវីដ-១៩។
ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលជាមួយលោកជំទាវ Sibille de Cartier d’Yves (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) នាទីសី្តការក្រសួងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះ។
លោកជំទាវ (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) បានលើកឡើងពីកិច្ចសហប្រតិបតិ្តការល្អនាពេលកន្លងមករវាងប៊ែលហ្សិក និងកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល។ កន្លងមកនេះ ប៊ែលហ្សិក បានចូលរួមចំណែកក្នុងការជួយធ្វើឲ្យមានភាពល្អប្រសើរឡើង នូវសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះ មានក្រុមគ្រូពេទ្យមកពីប៊ែលហ្សិក បានជួយដល់បណ្តាមនី្ទរពេទ្យមួយចំនួន ក្នុងការជួយកសាងនូវសមត្ថភាពក្រុមគ្រូពេទ្យរបស់កម្ពុជា ក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ហើយមួយរយៈពេលក្រោយមកនេះក៏មានការផ្អាក ជាពិសេស៣ឆ្នាំចុងក្រោយនេះ ប៊ែលហ្សិក បានគិតគូរឡើងវិញ តាមរយៈអង្គការមួយបានមកជួយបំពេញនូវកិច្ចសហប្រតិបតិ្តការជាមួយក្រសួងសុខាភិបាល។ ជាពិសេសថ្ងៃនេះ ប៊ែលហ្សិក មានបំណងនិងផ្តោតសំខាន់លើបញ្ហាសុខភាពផ្លូវចិត្តរបស់មនុស្ស ដោយហេតុថាក្នុងបរិបទកូវីដ-១៩ ដែលមានផលប៉ះពាល់ច្រើន។ ក្រៅពីនោះ លោកជំទាវ ក៏ចង់ឲ្យមានវឌ្ឍនភាពបន្ថែមទៀតទៅលើការជួយបណ្តុះបណ្តាលធនធានមនុស្សលើ ផ្នែកចំនួន២ គឺផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្ត។
ជាការឆ្លើយតបឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ស្វាគមន៍ប៉ុន្តែស្នើលោកជំទាវ ឯកអគ្គរាជទូតប៊ែលហ្សិក តម្រូវឲ្យមានការជជែកពិភាក្សាគ្នាបន្ថែមទៀតឲ្យមានភាពច្បាស់លាស់ ដើម្បីឈានឆ្ពោះទៅរកការពិនិត្យលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀង និងសុំឲ្យផ្តល់នូវឯកសារនានាពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនេះ ដើម្បីឲ្យក្រសួងសុខាភិបាល មានលទ្ធភាពនៅក្នុងការពន្លឿននូវកិច្ចការងារចុះកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងប៊ែលហ្សិក៕អត្ថបទ រដ្ឋា



