យោងតាមការអះអាងរបស់ក្រុមអឌ្ឍចន្ទក្រហមលីប៊ី បានឲ្យដឹងថា មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ ពេលដែលទូក ២គ្រឿងដឹកជនអន្តោប្រវេសន៍ និងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន បានលិចនៅជិតតំបន់ឆ្នេរប្រទេសលីប៊ី ។
ក្រុមអឌ្ឍចន្ទក្រហមលីប៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ឧបទ្ទេវហេតុលិចទូកនេះ បានកើតឡើងនៅជិតទីក្រុង Al-Khums កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
ពួកគេបន្តថា ទូកទី ១ ដឹកមនុស្ស ២៦នាក់ មកពីប្រទេសបង់ក្លាដែស ហើយ ៤នាក់ ក្នុងចំណោមពួកគេ បានស្លាប់ ។

ក្រុមអឌ្ឍចន្ទក្រហមនិយាយទៀតថា ចំណែកឯទូកទី ២ ដឹកមនុស្ស ៦៩នាក់ រួមទាំងជនជាតិអេហ្ស៊ីប ២នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត មកពីប្រទេសស៊ូដង់ ប៉ុន្តែពួកគេពុំបានបញ្ជាក់ពីជោគវាសនារបស់ជនអន្តោប្រវេសន៍ទាំងអស់នេះឡើយ ។
ទីក្រុង Al-Khums គឺជាទីក្រុងតំបន់ឆ្នេរដែលមានចម្ងាយប្រហែល ១១៨គ.ម ភាគខាងកើតរដ្ឋធានី Tripoli ។
សូមបញ្ជាក់ថា ប្រទេសលីប៊ី បានក្លាយជាផ្លូវឆ្លងកាត់ដ៏សំខាន់ សម្រាប់ជនអន្តោប្រវេសន៍ និងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលរត់ភៀសខ្លួនចេញពីជម្លោះ និងភាពក្រីក្រ ទៅកាន់អឺរ៉ុប ចាប់តាំងពីការដួលរលំរបស់មេដឹកនាំផ្តាច់ការ Muammar Gaddafi អំឡុងបដិវត្តន៍ពណ៌គាំទ្រដោយអង្គការណាតូ ៕
