ភ្នំពេញ ៖ ក្រោយអាក់ខានការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខណ្ឌវប្បធម៌រយៈពេល០២ឆ្នាំ (២០២០-២០២១) ដោយវីរុសកូវីដ-១៩ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តបើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល សម្រាប់មន្ត្រីក្របខណ្ឌថ្មី២០២១ ចំនួន៩៨រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន៤៨រូប មកពីបណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។
លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណងចែករំលែកបទពិសោធ និងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាល និងសម្រាប់មន្រ្តីរាជការក្របខណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឲ្យដំណើរការការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ កត្តាទាំងនេះហើយ ទើបសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានខិតខំស្វះស្វែងរកវិធីសាស្រ្តបច្ចេកទេសថ្មីៗ និងគ្រូឧទ្ទេស ដែលមានបទពិសោធការងារ និងបង្រៀននៅតាមក្រសួងស្ថាប័ននានា ហើយមានជំនាញពិតប្រាកដ មានសមត្ថភាព និងបទពិសោធ ក្នុងការធ្វើបទបង្ហាញធ្វើយ៉ាងណាឲ្យសិក្ខាកាមដែលបានចូលរួមទទួលបានទាំងចំនេះដឹង និងចំណេះធ្វើក្រោយពីបញ្ចប់វគ្គសិក្សានេះ។
ជាមួយគ្នានោះដែរឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាពការងាររបស់មន្រី្តរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យដើរស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍គ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ បច្ចុប្បន្ន(E- Government) កំពុង ដាក់ដំណើរការ ហើយបច្ចេកវិទ្យាព័ត៌មានក៏គួរត្រូវកំណត់យកជាមុខវិជ្ជាអាទិភាព ដើម្បីបំពាក់បំប៉ន និងបណ្តុះបណ្តាលដល់មន្រី្តរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅថ្ងៃអនាគត ដើម្បីបង្កើនប្រសិទ្ធភាពការងារផង និងដើម្បីឲ្យដើរស្របតាមសាកលភាវូបនីយកម្ម ទាំងថ្នាក់តំបន់ និងអន្តរជាតិផង។ ជាពិសេសសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ក៏ត្រូវគិតគូក្នុងការកែទម្រង់កម្មវិធីបណ្តុះបណ្តាល និងការបណ្តុះបណ្តាលតាមរយៈការធ្វើបច្ចុប្បន្នភាព ជាប្រចាំដោយយោងទៅតាមការវិវត្តនៃកំណែទម្រង់ និងតម្រូវការរបស់រដ្ឋក្នុងវិស័យធនធានមនុស្ស។ អនាគតមន្រី្តក្របខណ្ឌនៃរដ្ឋបាល កម្មសិក្សាការី គឺត្រូវទទួលបានការបង្រៀនពីមន្រី្តជាន់ខ្ពស់ ជាអ្នកមានទស្សនវិស័យ និងថ្នឹកការ និងឆ្លើយតបយ៉ាងប្រកៀកនឹងការប្រឈមមុខ ដែលរដ្ឋបាលទំនើបត្រូវឆ្លងកាត់ផងដែរ៕ អត្ថបទ ៖ រដ្ឋា





