កងឆ្មាំល្បាតឆ្នេររបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្បួននៃនាវាឆ្មាំល្បាតឆ្នេរប្រទេសចិនមួយក្រុម បានបើកឆ្លងកាត់ដែនទឹកនៃប្រជុំកោះ Senkaku នៅថ្ងៃអាទិត្យ (១៦ វិច្ឆិកា) នេះ ដើម្បីអនុវត្ត "ប្រតិបត្តិការល្បាតពង្រឹងសិទ្ធិ" ខណៈទីក្រុងប៉េកាំង មានភាពតានតឹងជាមួយទីក្រុងតូក្យូ ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លើបញ្ហាកោះតៃវ៉ាន់។
ជម្លោះការទូតរវាងចិននិងជប៉ុន កាន់តែតានតឹងឡើង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ប្រាប់សភាកាលពីថ្ងៃទី៧ ខែវិច្ឆិកាថា ការវាយក្រសោបរបស់ចិន លើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ អាចបង្កឱ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ។ ការលើកឡើងនេះបានជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីទីក្រុងប៉េកាំង ដែលបានផ្ដល់សញ្ញាថា ខ្លួនរំពឹងថាលោកស្រី Takaichi នឹងដកសុន្ទរកថានេះចេញក្នុងទម្រង់មួយចំនួន។

ចិន អះអាងសិទ្ធិលើកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលឡើយ ក្នុងការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះ ដែលនៅចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រ ប៉ុណ្ណោះពីទឹកដីជប៉ុន។
សេចក្តីថ្លែងការណ៍បាននិយាយថា "ក្បួននាវាឆ្មាំល្បាតឆ្នេរចិន លេខ១៣០៧ បានធ្វើការល្បាតក្នុងដែនទឹកនៃកោះ Diaoyu ។ នេះជាប្រតិបត្តិការល្បាតស្របច្បាប់ ដែលធ្វើឡើងដោយឆ្មាំល្បាតឆ្នេរចិន ដើម្បីរក្សាសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន"។ គួរឱ្យដឹងថា ប្រទេសចិន ហៅប្រជុំកោះដែលគ្រប់គ្រងដោយជប៉ុនមួយនេះថា Diaoyu ចំណែកជប៉ុន ហៅប្រជុំកោះនេះថា Senkaku៕

