សេចក្ដីរាយការណ៍របស់សារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃអាទិត្យ (១៦ វិច្ឆិកា) នេះថា ក្រោយរយៈពេល ២ឆ្នាំនៃកំណើនដ៏ធំក្នុងការចំណាយយោធាលើសង្រ្គាមនៅអ៊ុយក្រែន សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងតែយឺតយ៉ាវ ខណៈចំណូលពីប្រេងធ្លាក់ចុះ ឱនភាពថវិកាកើនឡើង ហើយការចំណាយលើវិស័យការពារជាតិ ក៏ស្ថិតក្នុងកម្រិតដ៏ធំមួយ។
វិមានក្រឹមឡាំងត្រូវការថវិកាដើម្បីរក្សាហិរញ្ញវត្ថុរបស់ខ្លួនឱ្យស្ថិតស្ថេរ ហើយច្បាស់ណាស់ ទីកន្លែងដែលលោកប្រធានាធិបតី Vladimir Putin អាចធ្វើរឿងនេះបានគឺនៅស្ថាប័នពន្ធអាករ ជាទីដែលប្រជាជន និងអាជីវកម្មខ្នាតតូច ចុះបញ្ជីសាច់ប្រាក់របស់ពួកគេ។

សេចក្ដីរាយការណ៍បាននិយាយថា រុស្ស៊ី គ្រោងបង្កើនពន្ធអាករតម្លៃបន្ថែម ឬហៅថា VAT ដល់ ២២% ពីអត្រា ២០% ពីមុន ដែលត្រូវបានរំពឹងថា នឹងបន្ថែមប្រាក់ចំនួន ១សែនកោដិរូប្លិ៍ ឬប្រហែល ១២,៣ពាន់លានដុល្លារអាមេរិក ទៅក្នុងថវិការដ្ឋ។ ការបង្កើនពន្ធនេះគឺមាននៅក្នុងច្បាប់ ដែលបានឆ្លងសភារបស់រុស្ស៊ីរួចទៅហើយ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
ការធ្លាក់ចុះសេដ្ឋកិច្ច និងការដំឡើងពន្ធអាករនេះ គឺជាសញ្ញាដែលបង្ហាញថា លោក Putin និងប្រជាជនរុស្ស៊ី នឹងប្រឈមជម្រើសកាន់តែពិបាកក្នុងប៉ុន្មានខែខាងមុខ នោះគឺជម្រើសរវាងការចំណាយយោធា និងសុខុមាលភាពពលរដ្ឋ បន្ទាប់ពីសង្គ្រាមជិត ៤ឆ្នាំ ប្រឆាំងនឹងអ៊ុយក្រែន៕

