ចក្រភពអង់គ្លេស បាននិយាយថា ខ្លួននឹងចាប់ផ្តើមការកែប្រែដ៏ធំបំផុតនៃគោលនយោបាយអ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងសម័យទំនើបនេះ ដោយបំផុសគំនិតពីវិធីសាស្រ្តរបស់ដាណឺម៉ាក ដែលជាចំណាត់ការតឹងរ៉ឹងបំផុតមួយនៅទ្វីបអឺរ៉ុប។
អ្នកដែលត្រូវផ្តល់សិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស នឹងត្រូវរង់ចាំដល់ទៅ ២០ឆ្នាំ មុនពេលពួកគេអាចដាក់ពាក្យស្នើសុំតាំងទីលំនៅជាអចិន្ត្រៃយ៍បាន នៅក្រោមផែនការមួយដែលនឹងត្រូវប្រកាសដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Shabana Mahmood នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ស្អែកនេះ។

ការរុះរើដ៏ធំចំពោះគោលនយោបាយសិទ្ធិជ្រកកោនបែបនេះ កើតឡើងនៅពេលរដ្ឋាភិបាលអង់គ្លេស ស្វះស្វែងកាត់បន្ថយការលួចធ្វើអន្តោប្រវេសន៍តាមទូកតូចៗ និងការទាមទារសិទ្ធិជ្រកកោន។ នៅក្រោមផែនការនេះ អ្នកដែលត្រូវផ្តល់សិទ្ធិជ្រកកោន នឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះក្នុងចក្រភពអង់គ្លេស ដោយស្ថានភាពជនភៀសខ្លួនរបស់ពួកគេនឹងត្រូវពិនិត្យជាប្រចាំ ហើយអ្នកដែលប្រទេសកំណើតរបស់ពួកគេត្រូវចាត់ទុកថាមានសុវត្ថិភាព នឹងត្រូវបញ្ជាឱ្យត្រឡប់ទៅវិញ។
លោកស្រី Mahmood បានប្រាប់កាសែត Sunday Times នៅថ្ងៃអាទិត្យនេះថា កំណែទម្រង់ទាំងនេះត្រូវ "រៀបចំឡើងដើម្បីផ្ញើសារទៅអ្នកទាំងនោះថា កុំមកប្រទេសនេះក្នុងនាមជាជនអន្តោប្រវេសន៍ខុសច្បាប់តទៅទៀត និងកុំជិះទូកចូលទៅអង់គ្លេស"។ លោកស្រីព្រមានថា "អន្តោប្រវេសន៍ខុសច្បាប់កំពុងធ្វើឱ្យអង់គ្លេសបែកបាក់ខ្ទេចខ្ទី" ហើយនេះជាកិច្ចការរបស់រដ្ឋាភិបាលក្នុងការ "បង្រួបបង្រួមប្រទេស"៕
