កងទ័ពជើងទឹកអាមេរិកកាលីថ្ងៃអាទិត្យ ១៦ វិច្ឆិកា បានបញ្ជាក់ថា នាវាចម្បាំងទំនើបបំផុតរបស់ខ្លួនបានទៅដល់សមុទ្រការ៉ាអ៊ីបហើយ ខណៈសេតវិមានបន្តគំរាម ប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកបាននិយាយថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford និងក្រុមនាវាផ្ទុកយន្តហោះវាយប្រហារអមដំណើររបស់ខ្លួន ដែលរួមមានយន្តហោះចម្បាំង នាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវពីរគ្រឿង និងនាវាគាំទ្រ និងយន្តហោះផ្សេងទៀត បានចូលរួមជាមួយនាវាចម្បាំងអាមេរិកជាច្រើនទៀតនៅក្នុងតំបន់ការ៉ាអ៊ីបរួចរាល់ហើយ ជាផ្នែកមួយនៃប្រតិបត្តិការ Southern Spear។

នាវាកងទ័ពជើងទឹកជាង១០គ្រឿង និងនាវិក និងកងម៉ារីនប្រហែល១២.០០០នាក់ បច្ចុប្បន្នត្រូវបានដាក់ពង្រាយទៅកាន់តំបន់ការ៉ាអ៊ីប ជាផ្នែកមួយនៃប្រតិបត្តិការនេះ។
មេបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក (SOUTHCOM) លោកឧត្តមនាវីឯក Alvin Holsey ដែលតាមដានស្ថានការណ៍នៅតំបន់សមុទ្រការ៉ាអ៊ីប និងអាមេរិកឡាទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាមេរិក ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន ដែលព្យាយាមធ្វើឱ្យតំបន់របស់ពួកលោកមិនមានស្ថិរភាព។
សហរដ្ឋអាមេរិកបានធ្វើសកម្មភាពយ៉ាងខ្លាំងនៅក្បែរឆ្នេរសមុទ្រសមុទ្រនៃបណ្ដាប្រទេសអាមេរិកឡាទីនជាច្រើននាពេលថ្មីៗនេះ ជាពិសេសប្រទេសវ៉េណេស៊ុយអេឡា នូវអ្វីដែលខ្លួនបានប្រកាសសង្គ្រាមលើភេរវកម្មគ្រឿងញៀន ឆ្លងដែន។ ការកំណត់នេះគឺជាចំណុចសំខាន់ ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំងយោធាអាមេរិកក្នុងការប្រយុទ្ធ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សហរដ្ឋអាមេរិកបានបន្តបើកការវាយប្រហារយ៉ាងហោចណាស់ ២០ លើកលើទូកតូចៗនៅសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨០ នាក់ ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថាជាក្រុមជនជួញដូរគ្រឿងញៀន៕

