កងទ័ពរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ថា ខ្លួនដណ្តើមយកបានភូមិចំនួនពីរបន្ថែមទៀតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាកន្លែងដែលខ្លួនបានរុលចូលទៅមុខក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈទីក្រុងគីវ(Kyiv) ប្រជែងដើម្បីដណ្តើមកាន់កាប់ទីក្រុង Pokrovsk បន្ថែមទៀតនៅភាគខាងកើត។ កងទ័ពអ៊ុយក្រែនដែលនឿយហត់ កំពុងព្យាយាមដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ីដែលមានចំនួនច្រើនជាង ខណៈការវាយលុកពេញលេញរបស់ទីក្រុងមូស្គូជិតចូលដល់រដូវរងាលើកទីបួនរបស់ខ្លួន។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីការដណ្តើមយកបានភូមិចំនួនពីរ គឺភូមិ Mala Tokmachka និង ភូមិRivnopillia ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង។

ភូមិ Rivnopillia ស្ថិតនៅភាគខាងកើតតំបន់ Zaporizhzhia ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបច្ចុប្បន្នគ្រប់គ្រងដែនដីរហូតដល់ភាគខាងជើង ខាងកើត និងខាងត្បូងទីក្រុង Gulyaipole ។ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូបានចេញផ្សាយរូបភាពពីលើអាកាសនៃភូមិ Rivnopollia ដោយបង្ហាញទាហានរុស្ស៊ី កំពុងគ្រវីទង់ជាតិរុស្ស៊ីនៅលើផ្ទះក្នុងភូមិដែលត្រូវបានបំផ្លាញ។
ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ Samara របស់ប្រទេសរុស្ស៊ី មួយថ្ងៃបន្ទាប់ពីខ្លួនបាននិយាយថា បានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែងផ្សេងទៀតនៅក្នុងតំបន់មួយក្បែរទីក្រុងមូស្គូ។