យោងតាមមន្ត្រីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៣២នាក់បានស្លាប់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បន្ទាប់ពីស្ពាននៅឯអណ្តូងរ៉ែទង់ដែង និងរ៉ែកូប័ល បានបាក់ដោយសារតែមនុស្សច្រើនលើសទម្ងន់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅអណ្តូងរ៉ែ Kalando ក្នុងខេត្ត Lualaba ភាគអាគ្នេយ៍។

អាជ្ញាធរ បាននិយាយថា «ទោះបីជាមានបម្រាមជាផ្លូវការលើដំណើរការចូលទៅកាន់ទីតាំងនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃបំណាក់ដីក៏ដោយ ក៏កម្មកររុករករ៉ែ បានបង្ខំចិត្តចូលទៅក្នុងទីតាំងនោះ»។ អាជ្ញាធរបាននិយាយបន្ថែមថា ក្រុមកម្មកររ៉ែដែលប្រញាប់ប្រញាល់ បានឆ្លងកាត់ស្ពានបណ្ដោះអាសន្ន សាងសង់ឡើងដើម្បីឆ្លងកាត់លេណដ្ឋានដែលមានទឹកជន់លិច ដែលបានបណ្តាលឲ្យស្ពានបាក់។
របាយការណ៍មួយដោយអង្គភាពសេវាជំនួយនិងណែនាំការរុករករ៉ែរបស់សារធារណរដ្ឋកុងហ្គោ បាននិយាយថា ការបាញ់កាំភ្លើងពីទាហាននៅកន្លែងនោះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នករុករករ៉ែ។

សេចក្តីរាយការណ៍បានបន្តថា ក្រោយមក ក្រុមកម្មកររ៉ែបានប្រញាប់ប្រញាល់ទៅលើស្ពានបណ្តាលឱ្យស្ពានបាក់ធ្លាក់ មនុស្សគរលើគ្នាស្លាប់និងរងរបួស ។ ខណៈអាជ្ញាធរបានដាក់ចំនួនអ្នកស្លាប់យ៉ាងហោចណាស់៣២នាក់ របាយការណ៍មួយបាននិយាយថាមនុស្សរហូតដល់យ៉ាងហោចណាស់៤០នាក់បានស្លាប់។