ប្រទេសស៊ីរី បានចាប់ខ្លួនសមាជិកនៃអង្គភាពសេវាសន្តិសុខ និងយោធារបស់ប្រទេស ជាផ្នែកមួយនៃការស៊ើបអង្កេតលើអំពើហិង្សាខាងនិកាយសាសនានៅក្នុងខេត្ត Suwayda ភាគខាងត្បូងកាលពីដើមឆ្នាំនេះ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។

ចៅក្រម លោក Hatem Naasan ជាប្រធានគណៈកម្មាធិការដែលស៊ើបអង្កេតការផ្ទុះឡើងអំពើហិង្សានៅ ខេត្តSuwayda កាលពីខែកក្កដា បាននិយាយថា សមាជិកនៃអង្គភាពសេវាសន្តិសុខនិងយោធា «ជាអ្នកដែលត្រូវបានបង្ហាញថាបានរំលោភបំពាន» ដោយផ្អែកលើការរកឃើញនិងវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិត ត្រូវបានឃុំខ្លួន។

លោក Naasan បាននិយាយថា «វីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមបង្ហាញមុខយ៉ាងច្បាស់ ហើយពួកគេត្រូវបានឃុំខ្លួនដោយអាជ្ញាធរពាក់ព័ន្ធ» ហើយបុគ្គលិកសន្តិសុខត្រូវបានឃុំខ្លួនដោយក្រសួងមហាផ្ទៃ ខណៈសមាជិកយោធាកំពុងត្រូវបានឃុំខ្លួនដោយក្រសួងការពារជាតិ។
លោក Naasan ពុំបានបញ្ជាក់ថាតើមានការចាប់ខ្លួនមនុស្សប៉ុន្មាននាក់នោះទេ។ លោកក៏មិនបានប្រកាសអំពីចំនួនអ្នកស្លាប់ដែរ ប៉ុន្តែបាននិយាយថា នេះនឹងចេញនៅក្នុងរបាយការណ៍ចុងក្រោយដែលរំពឹងទុកនៅចុងឆ្នាំនេះ។
លោកបានទទួលស្គាល់ថា «អ្នកប្រយុទ្ធបរទេសមួយចំនួនបានចូលទៅក្នុងខេត្ត Suwayda ដោយចៃដន្យ និងដោយឡែកៗពីគ្នា» ដោយនិយាយថា អ្នកខ្លះត្រូវបានឃុំខ្លួននិងត្រូវបានសាកសួរ។ លោកបានបញ្ជាក់ថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេជាសមាជិកប្រដាប់អាវុធ ឬកម្លាំងសន្តិសុខស៊ីរីទេ។