អ៊ុយក្រែន៖ ប្រមុខការទូតអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិកកំពុងបិទស្ថានទូតអាមេរិកនៅក្នុងរដ្ឋធានីគៀវ និងផ្លាស់ប្ដូរទីតាំងបណ្ដោះអាសន្នសម្រាប់បុគ្គលិកការទូតមួយចំនួនតូច ដែលនៅសេសសល់ក្នុងប្រទេសនេះទៅកាន់ទីក្រុងវីវដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ដោយសារមានក្ដីបារម្ភកាន់តែខ្លាំងពីសកម្មភាពបង្កើនកងទ័ពរបស់រុស្ស៊ី។

លោក Blinken បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកបានបញ្ជាឲ្យមានវិធានការទាំងនោះសម្រាប់ហេតុផលមួយ នោះគឺសុវត្ថិភាពរបស់បុគ្គលិករបស់យើង ហើយយើងបានជំរុញយ៉ាងដាច់ណាត់ឲ្យពលរដ្ឋអាមេរិក ដែលនៅសេសសល់ក្នុងប្រទេសអ៊ុយក្រែនចាកចេញពីប្រទេសនេះភ្លាម។ ចំណាត់ការទាំងនោះមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាឲ្យបុគ្គលិករដ្ឋាភិបាលអាមេរិកភាគច្រើនចាកចេញពីប្រទេសនេះ និងបានប្រកាសថា ការផ្ដល់សេវាកម្មកុងស៊ុលនៅស្ថានទូតអាមេរិកនឹងត្រូវផ្អាកគិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍មុន ស្របពេលមានក្ដីបារម្ភពីការចូលឈ្លានពានអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ី ខណៈពេលដែលក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ថា ពួកគេនៅតែប្ដេជ្ញាព្យាយាមស្វែងរកលទ្ធផលខាងការទូត។
លោកស្រី Kristina Kvien មន្ត្រីអាមេរិកទទួលបន្ទុកកិច្ចនៅអ៊ុយក្រែនប្រាប់ក្រុមអ្នកសារព័ត៌មានថា ការផ្លាស់ទីតាំងបណ្ដោះអាសន្ននេះគឺដោយសារតែមានការគំរាមកំហែងពីរុស្ស៊ី ដែលអាចនឹងឈ្លានពានប្រទេសនេះ។ សហរដ្ឋអាមេរិកក៏បានផ្លាស់ប្ដូរទីតាំងការិយាល័យ C.I.A របស់ខ្លួនជាបណ្ដោះអាសន្ននៅក្នុងទីក្រុងគៀវផងដែរកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីក្រសួងការបរទេសប្រកាសពីការផ្លាស់ប្ដូរទីតាំងស្ថានទូត ទៅកាន់ទីក្រុងភាគខាងលិចជិតព្រំដែនប្រទេសប៉ូឡូញ៕
អត្ថបទ៖ សុខមាន